ព័ត៌មានអន្តរជាតិ

ទីក្រុងសេអ៊ូល៖ កូរ៉េខាងជើង បាញ់មីស៊ីល២គ្រាប់ ចូលសមុទ្រ

បរទេស៖ យោធារបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើង បានបាញ់នូវអ្វីដែលទំនងជាមីស៊ីល ចំនួនពីរគ្រាប់ ចេញពីតំបន់ដីគោកមួយកន្លែង ចូលទៅក្នុងសមុទ្រ ហើយនេះ នឹងជាការបាញ់តេស្តសាកល្បងអាវុធ លើកទី៥ របស់កូរ៉េខាងជើង នៅក្នុងឆ្នាំនេះ។

យោធាកូរ៉េខាងត្បូង មិនបានបញ្ចេញសេចក្តីថ្លែងការណ៍ផ្លូវការ ស្តីពីមីស៊ីលនោះទេ ប៉ុន្តែបាននិយាយក្នុងសន្និសីទកាសែតដ៏ខ្លីមួយ ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ខ្លួននៅតែកំពុងធ្វើការវិភាគ ចំពោះការបាញ់តេស្តសាកល្បងនោះ នេះបើតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI។

នៅក្នុងសន្និសីទកាសែតមួយ មន្ត្រីនាំពាក្យមន្ត្រីបញ្ចកោណ លោក John Kirby បាននិយាយយ៉ាងដូច្នេះថា “យើងបន្តថ្កោលទោសវា និងអំពាវនាវឲ្យកូរ៉េខាងជើង ឈប់ធ្វើការបង្កហេតុទាំងនេះ ហើយគោរពតាមច្បាប់អន្តរជាតិ និងសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខទាំងនេះ ព្រមទាំងព្យាយាមស្វែងរកផ្លូវ កាត់បន្ថយភាពតានតឹង”។

គួរបញ្ជាក់ថា ការបាញ់តេស្តសាកល្បង មីស៊ីលរបស់កូរ៉េខាងជើង នៅថ្ងៃអង្គារនេះ គឺត្រូវបានធ្វើឡើងក្រោយធ្វើតេស្តមីស៊ីលផ្លោង ចំនួន៤គ្រាប់ នៅក្នុងសប្ដាហ៍ទីមួយ នៃឆ្នាំ២០២២ ដោយរួមមាន២គ្រាប់ ដែលទីក្រុងព្យុងយ៉ាង អះអាងថា ជាអាវុធលឿនជាងសម្លេង៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top