ដាម៉ាស៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារ SANA នៅថ្ងៃពុធនេះបានឲ្យដឹងថា កងកម្លាំងសហរដ្ឋអាមេរិក ដែលស្ថិតនៅភាគខាងជើង នៃប្រទេសស៊ីរី បានធ្វើការបញ្ជូនប្រេងស៊ីរី ដែលត្រូវបានលួច ទៅកាន់ប្រទេសអ៊ីរ៉ាក់។
ដោយមានការជួយជ្រោមជ្រែង ពីសំណាក់កងកម្លាំងឃឺដ ដែលកំពុងដឹកនាំកម្លាំងប្រជាធិបតេយ្យ របស់ស៊ីរីនោះ ប្រេងប្រមាណជា១៣០ស៊ីទែន ត្រូវបានបញ្ជូនចេញពីខេត្ត Hasakah ទៅកាន់តំបន់ភាគខាងជើង នៃប្រទេសអ៊ីរ៉ាក់ ដោយការរៀបចំបើកផ្លូវ ពីសំណាក់កងកម្លាំងអាមេរិក។
ប្រភពដដែលបានឲ្យដឹងដែរថា ច្រកផ្លូវដែលមានការបើកផ្លូវ ដោយអាមេរិកនេះក៏ធ្លាប់ជាច្រកផ្លូវ សម្រាប់ធ្វើការដឹកជញ្ជូនទំនិញនានា ទៅកាន់តំបន់ដែលកាន់កាប់ ដោយក្រុមឧទ្ទាមឃឺដ ដែលស្ថិតនៅក្នុងតំបន់មួយចំនួន របស់ស៊ីរីផងដែរ។
ក្រោយពេលដែលប្រេងទាំងនោះ បានធ្វើដំណើរទៅដល់ប្រទេសអ៊ីរ៉ាក់ហើយនោះ គេក៏សង្កេតឃើញមានរថយន្តដឹកទំនិញ ប្រមាណជា៤៦គ្រឿង បានធ្វើដំណើរត្រឡប់ពីអ៊ីរ៉ាក់មកវិញ ដែលផ្ទុកទៅដោយទំនិញ សម្រាប់កងកម្លាំងអាមេរិក ស្ថិតនៅក្នុងប្រទេសស៊ីរី៕ ប្រែសម្រួល៖ស៊ុនលី
