យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett បានប្រកាសថា អ៊ីស្រាអែល នឹងចាប់ផ្តើមប្រើប្រាស់ ប្រព័ន្ធដែលមានមូលដ្ឋានលើឡាស៊ែរ ដើម្បីស្ទាក់ចាប់មីស៊ីល ក្នុងរយៈពេលមួយឆ្នាំ។

លោក Bennett បានប្រាប់សន្និសីទប្រចាំឆ្នាំ របស់វិទ្យាស្ថាន សម្រាប់ការសិក្សាសន្តិសុខជាតិ ដែលជាអ្នកគិតគូរ ផ្នែកសន្តិសុខអ៊ីស្រាអែលថា “ក្នុងរយៈពេលប្រហែលមួយឆ្នាំ IDF (កងកម្លាំងការពារអ៊ីស្រាអែល) នឹងនាំយកនូវប្រព័ន្ធស្ទាក់ចាប់ ដែលមានមូលដ្ឋានលើឡាស៊ែរ។
ប្រព័ន្ធនេះនឹងត្រូវបាន ដាក់ពង្រាយជាលើកដំបូង នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ជាកន្លែងដែលសហគមន៍ ស្ថិតនៅក្រោមការបាញ់គ្រាប់រ៉ុក្កែតដដែលៗ ដែលបាញ់ដោយអ្នកគ្រប់គ្រង តំបន់ហ្គាហ្សាស្ទ្រីប គឺក្រុម Hamas និងក្រុមសកម្មប្រយុទ្ធ ដែលមានមូលដ្ឋាន នៅហ្គាហ្សាផ្សេងទៀត។
លោកនាយករដ្ឋមន្ត្រី បានបន្ថែមថា ប្រព័ន្ធនេះនឹងត្រូវដំឡើង នៅពេលក្រោយ នៅក្នុងផ្នែកផ្សេងទៀត នៃប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Bennett បានបញ្ជាក់ថា “នេះនឹងអនុញ្ញាតឱ្យយើង ក្នុងរយៈពេលពីមធ្យមទៅវែង ដើម្បីគ្របដណ្តប់អ៊ីស្រាអែល នៅក្នុងជញ្ជាំងនៃឡាស៊ែរ ការពារយើងពីមីស៊ីល រ៉ុក្កែត យន្តហោះគ្មានមនុស្សបើក និងការគំរាមកំហែងផ្សេងទៀត”៕ ដោយ ឈូក បូរ៉ា
