ព័ត៌មានអន្តរជាតិ

ក្តៅៗ! សហរដ្ឋអាមេរិក នឹងដាក់ពង្រាយ កងទ័ពរាប់ពាន់នាក់ ទៅកាន់តំបន់អឺរ៉ុប ស្របពេលមានភាពតានតឹង នៅតាមព្រំដែន អ៊ុយក្រែន

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ថា ក្រសួងការពារជាតិ បានប្រកាសកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក នឹងដាក់ពង្រាយទាហានបន្ថែម ទៅកាន់អឺរ៉ុប ដោយលើកឡើងពីភាពតានតឹង នៅតាមព្រំដែនរបស់ប្រទេសអ៊ុយក្រែន ។

លោក John Kirby អ្នកនាំពាក្យមកពីក្រសួងការពារជាតិ បានលើកឡើងថា ការដាក់ពង្រាយនេះ រួមមានទាហាន ១.០០០នាក់ ដែលបច្ចុប្បន្នមានមូលដ្ឋាន នៅប្រទេសអាល្លឺម៉ង់ ដែលត្រូវបញ្ជូនទៅកាន់ ប្រទេសរូម៉ានី និងទាហាន ២.០០០នាក់ផ្សេងទៀត ដែលត្រូវបញ្ជូនពី សហរដ្ឋអាមេរិក ទៅកាន់ប្រទេសអាល្លឺម៉ង់ និងប៉ូឡូញ ។

លោក Kirby បានលើកឡើងថា “ទាំងនេះមិនមែនជាចលនាអចិន្ត្រៃយ៍ទេ ។ ពួកគេគឺជាចលនាដែលត្រូវបានរចនាឡើង ដើម្បីឆ្លើយតបទៅនឹងបរិយាកាសសន្តិសុខ នាពេលបច្ចុប្បន្ននេះប៉ុណ្ណោះ ។ លើសពីនេះ កងកម្លាំងទាំងនេះ នឹងមិនធ្វើសង្គ្រាម នៅអ៊ុយក្រែនឡើយ “ ។

លោកបានឲ្យដឹងទៀតថា “ចលនាទាំងនេះ គឺជាសញ្ញាដែលមិនអាច ប្រកែកបានចំពោះពិភពលោក ថាយើងត្រៀមខ្លួនជាស្រេច ដើម្បីធានាសម្ព័ន្ធមិត្តរបស់យើង (អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ NATO ) និងរារាំង និងការពារប្រឆាំង នឹងការឈ្លានពានណាមួយ” ។

គេបានដឹងថា សហរដ្ឋអាមេរិក បានដាក់កងទ័ពប្រហែល ៨.៥០០នាក់រួចហើយនៅលើ “ការប្រុងប្រយ័ត្នខ្ពស់” ក្នុងការរៀបចំសម្រាប់អ្វី ដែលខ្លួនអះអាងថា ជាការឈ្លានពានរបស់រុស្ស៊ី “ជិតមកដល់” លើអ៊ុយក្រែន ។
វិធានការនេះនឹងអនុញ្ញាត ឱ្យកងទ័ពត្រូវបានដាក់ពង្រាយ តាមការជូនដំណឹងខ្លី ប្រសិនបើ NATO សម្រេចចិត្តធ្វើឱ្យកម្លាំងឆ្លើយតបរហ័សរបស់ខ្លួន ដែលគេស្គាល់ថា NRF នោះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top