ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល រៀបចំវាយប្រហារ លើទីតាំងនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ ដោយយន្តហោះចម្បាំង រាប់សិបគ្រឿង

បរទេស៖ មន្ត្រីយោធាអាមេរិកម្នាក់ មានវត្តមាន សម្រាប់សមយុទ្ធរបស់អ៊ីស្រាអែល ដែលរៀបចំសម្រាប់ការវាយប្រហារ លើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ដោយប្រើប្រាស់យន្តហោះចម្បាំង រាប់សិបគ្រឿង, នេះបើយោងតាមរបាយការណ៍ របស់ទូរទស្សន៍អ៊ីស្រាអែល KAN ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា សារព័ត៌មាន KAN បានរាយការណ៍កាលពីថ្ងៃអង្គារថា សមយុទ្ធដែលបានចាត់ថ្នាក់បានធ្វើឡើង នៅពាក់កណ្តាលខែមករា ការធ្វើសមយុទ្ធបានប៉ាន់ស្មានថា នឹងមានការវាយប្រហារ “ទ្រង់ទ្រាយធំ” ទៅលើកន្លែងនុយក្លេអ៊ែរ របស់ប្រទេសអ៊ីរ៉ង់ និងបានបង្ហាញពីសេណារីយ៉ូជាច្រើន រួមទាំងការចាក់សាំង នៅកណ្តាលអាកាស ការឆ្លើយតបទៅនឹងគ្រាប់បែក ប្រឆាំងយន្តហោះ និងការវាយប្រហាររយៈចម្ងាយឆ្ងាយ។

មន្ត្រីកងទ័ពអាកាសអាមេរិក ដែលមិនបញ្ចេញឈ្មោះម្នាក់ ត្រូវបានគេអះអាងថា បានចូលរួមសមយុទ្ធក្នុងនាម ជាអ្នកសង្កេតការណ៍ម្នាក់ ដោយបានកត់សម្គាល់ថា វត្តមានរបស់មន្ត្រីនេះ គឺមិនធម្មតាសម្រាប់សមយុទ្ធប្រភេទនេះ។

របាយការណ៍នេះធ្វើឡើងបន្ទាប់ពី កិច្ចប្រជុំរវាងមន្ត្រីយោធាអាមេរិក និងរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Benny Gantz ក្នុងខែធ្នូ ក្នុងអំឡុងពេល ដែលសមយុទ្ធស្រដៀងគ្នានេះ ត្រូវបានពិភាក្សា នេះបើយោងតាមមន្ត្រីជាន់ខ្ពស់អាមេរិក ដែលដកស្រង់ដោយ Reuters ។ ខណៈពេលដែលមន្ត្រីរូបនេះ បានបដិសេធមិនបញ្ជាក់លម្អិត អំពីផែនការនេះ ពួកគេបាននិយាយថា សមយុទ្ធនេះនឹងរៀបចំសម្រាប់ “សេណារីយ៉ូដ៏អាក្រក់បំផុត ដើម្បីបំផ្លាញកន្លែងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប្រសិនបើការទូតត្រូវបរាជ័យ”៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top