ព័ត៌មានអន្តរជាតិ

ទស្សនាវដ្ដី Newsweek៖ គ្រាប់បែកនុយក្លេអ៊ែរថ្មី របស់អាមេរិក ១គ្រាប់ អាចសម្លាប់មនុស្សច្រើនជាង ៣០ម៉ឺននាក់ ក្នុងទីក្រុង មូស្គូ

រូបភាពពី៖​ AFP

បរទេស៖ ទស្សនាវដ្ដី Newsweek បានរាយការណ៍កាលពីថ្ងៃសុក្រថា គ្រាប់បែកនុយក្លេអ៊ែររបស់អាមេរិក មួយគ្រាប់ដែលគ្រោងសម្រាប់ការអភិវឌ្ឍន៍មានសក្តានុពលដល់កម្រិតកណ្តាលទីក្រុងមូស្គូ និងសម្លាប់មនុស្សជាង ៣០០.០០០ នាក់ក្នុងចំណោមប្រជាជន ១៣ លាននាក់របស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Newsweek កាលពីថ្ងៃសុក្រ ដោយលើកឡើងពីការក្លែងធ្វើតាមរយៈឧបករណ៍អនឡាញ Nukemap ។

មន្ទីរបញ្ចកោណបានប្រកាសកាលពីចុងខែមុនថា ខ្លួននឹងស្វែងរកការបំលែងថ្មីនៃគ្រាប់បែកទំនាញនុយក្លេអ៊ែរ B61 – B61-13 ដោយរង់ចាំតែការអនុញ្ញាតពីសភាតែប៉ុណ្ណោះ។ អាវុធនេះនឹងមានទិន្នផលប៉ាន់ស្មាន ៣៦០ គីឡូតោន ដែលខ្លាំងជាងអាវុធដែលបានទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ក្នុងកំឡុងសង្គ្រាមលោកលើកទីពីរ ២៤ ដង។

Newsweek បានផ្សាយថា ប្រសិនបើគ្រាប់បែកនេះផ្ទុះលើទីក្រុងមូស្គូ នោះគ្រាប់បែកនឹងអាចសម្លាប់មនុស្សប្រមាណ ៣១១.៤៨០ នាក់ និងធ្វើឱ្យរបួសរហូតដល់ ៨៦៨.៨៦០ នាក់។ ការបោះពុម្ភផ្សាយបានបន្ថែមថា ប្រសិនបើធ្លាក់លើទីក្រុង St. Petersburg ដែលជាទីក្រុងធំទីពីររបស់រុស្ស៊ី ចំនួនអ្នកស្លាប់ដោយការផ្ទុះនឹងកើនឡើងដល់ ៣៦០.១៥០ នាក់។

យោងតាម ទស្សនាវដ្ដី Newsweek អ្វីៗដែលស្ថិតនៅក្នុងរង្វង់កន្លះម៉ាយពីកន្លែងបំផ្ទុះគ្រាប់បែកនឹងត្រូវរលាយដោយដុំភ្លើងធំៗ។ ទស្សនាវដ្ដីនេះបានសរសេរទៀតថា ការបំផ្ទុះនេះនឹងបំផ្លាញអគារនានា ហើយទំនងជាសម្លាប់មនុស្សទាំងអស់ក្នុងចម្ងាយមួយម៉ាយល៍ ខណៈពេលដែលអ្នកដែលស្ថិតនៅចម្ងាយពីរម៉ាយពីកន្លែងបំផ្ទុះ នឹងស្លាប់ក្នុងរយៈពេលមួយខែ ដោយសារកម្រិតវិទ្យុសកម្មខ្ពស់ ។ ១៥ភាគរយនៃអ្នកនៅរស់រានមានជីវិត ក្រោយមកនឹងស្លាប់ដោយសារជំងឺមហារីក ហើយមនុស្សជាច្រើននឹងទទួលរងការរលាកដែលអាចផ្លាស់ប្តូរជីវិតបាន។

ផែនការរចនាគ្រាប់បែកថ្មីត្រូវបានបង្ហាញចំពេលមានការប្រឈមមុខដាក់គ្នារវាងរុស្ស៊ី និងអង្គការណាតូ ជុំវិញបញ្ហាវិបត្តិអ៊ុយក្រែន ខណៈដែលអ្នកជំនាញ អ្នកនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយបានពិភាក្សាគ្នាអំពីហានិភ័យនៃជម្លោះដែលកំពុងកើនឡើងទៅជាសង្គ្រាមនុយក្លេអ៊ែរ។

រុស្ស៊ីបានចោទប្រកាន់អាមេរិកពី ការអនុវត្តគោលនយោបាយនុយក្លេអ៊ែរដ៏មានគ្រោះថ្នាក់ ហើយបានអះអាងថា អាមេរិកកំពុងបំពានលើកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធដោយសម្ងាត់៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top