បរទេស៖ រដ្ឋមន្ត្រីក្រសួងស្បៀងអាហារ កសិកម្ម និងនេសាទ របស់ប្រទេសអ៊ីស្លង់ លោកស្រី Svandis Svavarsdottir បាននិយាយនៅជាមួយកាសែត Morgunbladid កាលពីថ្ងៃសុក្រថា ប្រទេសអ៊ីស្លង់ គ្រោងនឹងបញ្ចប់ការនេសាទត្រីបាឡែន ទាំងអស់ចាប់ពីឆ្នាំ ២០២៤ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រីរដ្ឋមន្ត្រីបាននិយាយថា “មានយុត្តិកម្មតិចតួច ក្នុងការអនុញ្ញាតឱ្យមានការនេសាទ ត្រីបាឡែនលើសពីឆ្នាំ ២០២៤” ដោយបន្ថែមថា នៅពេលដែលអ្វីៗដំណើរការ វាទំនងជាមានអាទិភាពខ្ពស់ ដែលការអនុវត្តនឹងត្រូវបានហាមឃាត់ នៅពេលដែលកូតាបច្ចុប្បន្នបញ្ចប់។
ការនេសាទត្រីបាឡែន ដែលត្រូវបានអនុញ្ញាតឡើងវិញ សម្រាប់គោលបំណងពាណិជ្ជកម្មក្នុងឆ្នាំ២០០៦ កំពុងក្លាយជាហេតុផលខាងសេដ្ឋកិច្ចតិចតួច ដោយមានតែត្រីបាឡែនតែមួយគត់ ត្រូវបានសម្លាប់ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ។
លោកស្រីរដ្ឋមន្រ្តីបានបន្តថា «វាអាចមានហេតុផលមួយចំនួនសម្រាប់បញ្ហានេះ ប៉ុន្តែប្រហែលជាការពន្យល់សាមញ្ញ គឺថាមានការខាតបង់ជានិរន្តរភាព ពីការនេសាទប្រភេទនេះ»។
តម្រូវការសាច់ត្រីបាឡែនពីប្រទេសអ៊ីស្លង់ បានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីប្រទេសជប៉ុន បានអនុញ្ញាតឡើងវិញ នូវការនេសាទត្រីបាឡែន ក្នុងឆ្នាំ២០១៩ បន្ទាប់ពីវាបានដកខ្លួនចេញពីគណៈកម្មការត្រីបាឡែនអន្តរជាតិ (IWC)។
អ្នកនេសាទត្រីបាឡែននៅប្រទេសអ៊ីស្លង់ ក៏ត្រូវបានតម្រូវឱ្យធ្វើដំណើរទៅឆ្ងាយបន្ថែមទៀត ដើម្បីនេសាទ បន្ទាប់ពីតំបន់ឆ្នេរដែលគេដាក់ថា គ្មានការនេសាទ គឺត្រូវបានពង្រីក។
គម្លាតសុវត្ថិភាព ដោយសារមេរោគឆ្លងកូវីដ១៩ បានធ្វើឱ្យរោងចក្រកែច្នៃសាច់ត្រីបាឡែន របស់ប្រទេសអ៊ីស្លង់ មិនអាចដំណើរការបាន៕ ប្រែសម្រួលៈ ណៃ តុលា