ព័ត៌មានអន្តរជាតិ

នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX រិះគន់មូលនិធិ GoFundMe ថាជា “ចោរដែលមានជំនាញវិជ្ជាជីវៈ”

បរទេស៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk បានបង្ហោះសារមួយនៅថ្ងៃសៅរ៍ ដោយហៅកម្មវិធីរៃអង្គាសប្រាក់ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ឈ្មោះ GoFundMe ថាជា “ចោរដែលមានជំនាញវិជ្ជាជីវៈ”។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា លោក Elon Musk ក៏បានបង្ហោះរូបថត ដែលថតចេញពីអេក្រង់ ឬ screenshot ដែលលើកឡើងកាលពីឆ្នាំ 2020 របស់វេទិកា ដែលផ្សព្វផ្សាយយុទ្ធនាការរៃអង្គាសប្រាក់ សម្រាប់ការធ្វើកសិកម្មនៅក្នុងតំបន់ ‘CHOP’ (Capitol Hill ចូលកាន់កាប់ដោយបាតុករ) នៅកណ្តាលទីក្រុង Seattle រដ្ឋ Washington ដែលត្រូវបានកាន់កាប់ដោយសកម្មជន ក្នុងអំឡុងពេលកំពូល នៃការតវ៉ាប្រឆាំង ការរើសអើងជាតិសាសន៍ និង ការតវ៉ាចំពោះភាពដ៏ឃោរឃៅ របស់ប៉ូលីស នៅក្នុងសហរដ្ឋអាមេរិកនៅឆ្នាំនោះ។

ការលើកឡើងរបស់ GoFundMe កាលពី២ឆ្នាំមុន បាននិយាយថា “នៅក្នុងសហគមន៍ដែលគ្មានប៉ូលីស កសិករនេះកំពុងផ្តល់អាហារ ដល់មនុស្ស និងនាំពួកគេឱ្យកាន់តែជិតស្និទ្ធជាមួយគ្នា” ។

នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX រូបនេះថា “ស្តង់ដារទ្វេ?” លោកបានសរសេរកាលពីថ្ងៃសៅរ៍ ដោយសំដៅទៅលើការសម្រេចចិត្តថ្មីៗនេះ របស់វេទិកាក្នុងការបញ្ឈប់យុទ្ធនាការ រៃអង្គាសប្រាក់ សម្រាប់អ្នកបើកបររថយន្តដឹកទំនិញ នៅប្រទេសកាណាដា ដែលតវ៉ាចំពោះការដាក់ចេញ វ៉ាក់សាំងកាតព្វកិច្ច របស់ប្រទេស។ លោក Musk ក៏បានបដិសេធ ចំពោះការផ្សាយដែលថា លោកបានបរិច្ចាគដល់បាតុករដែរ។

សូមជម្រាបថា អ្នកបើកបររថយន្តដឹកទំនិញរាប់ពាន់នាក់ បាននឹងកំពុងនាំគ្នា បើករថយន្តចូលរដ្ឋធានី Ottawa របស់ប្រទេសកាណាដា ចាប់តាំងពីចុងសប្តាហ៍មុន។ ដោយហៅខ្លួនឯងថា ‘Freedom Convoy 2022’ ពួកគេនិយាយថា វ៉ាក់សាំងកាតព្វកិច្ច និងការរឹតបន្តឹងផ្សេងទៀត គឺបង្កគ្រោះថ្នាក់ ដល់ជីវភាពរបស់ពួកគេ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top