ព័ត៌មានអន្តរជាតិ

វីរុសកូរ៉ូណា សម្លាប់ពលរដ្ឋ នៅអាមេរិក អស់ជាង៩០ម៉ឺននាក់

ញ៉ូវយ៉ក ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នំា២០២២ថា ទិន្នន័យ ពីសកលវិទ្យាល័យ Johns Hopkins University បានបង្ហាញថា នៅសហរដ្ឋអាមេរិក មានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ កើនដល់ជាង៩០០.០០០នាក់ ហើយគិតត្រឹមថ្ងៃសុក្រ ។

យោងតាមទិន្នន័យសរុប ដែលបានរាប់នៅទូទាំងប្រទេស មានអ្នកឆ្លងជំងឺលើសពី៧៦,២លាននាក់ ហើយអ្នកស្លាប់ ទូទាំង សហរដ្ឋអាមេរិក បានកើនឡើងដល់៩០០.៥២៨នាក់ គិតត្រឹមម៉ោង៥និង២២នាទីយប់ ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង២២និង២២នាទីម៉ោងសកល ។

ទិន្នន័យបានបង្ហាញថា រដ្ឋកាលីហ្វ័រនីញ៉ា នាំមុខគេនៅក្នុងប្រទេសដែលមានអ្នកស្លាប់ច្រើនដោយសារជំងឺកូវីដ-១៩ចំនួន៨០.៧៩៨នាក់ ។ រដ្ឋតិចសាស់ ត្រូវបានគេរាយការណ៍មកថា ជារដ្ឋជាប់លំដាប់លេខ២ដែលមានអ្នកស្លាប់ចំនួន៨០.៤៥៩ នាក់ បន្ទាប់មករដ្ឋផ្លរីដា មានអ្នកស្លាប់ចំនួន៦៥.៩៩៣នាក់ និងក្រុងញ៉ូវយ៉ក មានអ្នកស្លាប់៦៥.៥៧៨នាក់ ។

រដ្ឋជាច្រើនទៀតមានអ្នកស្លាប់ជាង៣០០.០០០នាក់ ក្នុងនោះរាប់បញ្ចូលទាំង រដ្ឋ Pennsylvania, Ohio, Illinois, Georgia, Michigan និងរដ្ឋ New Jersey ។

សហរដ្ឋអាមេរិក នៅតែជាប្រទេសរងគ្រោះធ្ងន់ធ្ងរ ជាងគេបង្អស់ដោយជំងឺឆ្លងរាតត្បាត ដែលនាំមុខគេលើពិភពលោកទាំងអ្នក ឆ្លង និងស្លាប់ហើយរាប់ទៅឃើញថា មានករណីឆ្លងជំងឺជិត២០ភាគរយ នៃចំនួនអ្នកឆ្លងនៅទូទាំង សកលលោក និងមានអ្នក ស្លាប់លើសពី១៥ភាគរយ នៃចំនួនអ្នកស្លាប់នៅលើសកលលោក ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top