បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយថា លោកមានទំនុកចិត្តថា លោកវ្ល៉ាឌីមៀ ពូទីន របស់រុស្ស៊ី បានធ្វើការសម្រេចចិត្តដើម្បីឈ្លានពានអ៊ុយក្រែនហើយ ប៉ុន្តែយ៉ាងណាក៏ដោយ លោកក៏ព្រមានក្រុងម៉ូស្គូប្រឆាំងនឹងការចាប់ផ្តើមនូវអ្វីដែលលោកហៅថា “សង្រ្គាមជម្រើស” ដែលនឹងក្លាយជាមហន្តរាយ។
យោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកបាននិយាយថា ទ្វារសម្រាប់ការទូតនៅតែបើកចំហ។ លោក Biden បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា “ការទូតគឺនៅតែមានលទ្ធភាព” រហូតទាល់តែសង្រ្គាមផ្ទុះឡើង ។
ជាមួយគ្នានេះ មន្ត្រីសន្តិសុខកំពូលរបស់អ៊ុយក្រែន លោក Oleksiy Danilov បានចោទប្រកាន់រុស្ស៊ីពីការបង្កហេតុនៅក្នុងជម្លោះភាគខាងកើតអ៊ុយក្រែន ដើម្បីព្យាយាមញុះញង់យោធាអ៊ុយក្រែនឱ្យតបតវិញ ប៉ុន្តែបានបន្ថែមថា ទីក្រុងគៀវ នឹងប្រកាន់ខ្ជាប់នូវមធ្យោបាយសន្តិភាព ដើម្បីដោះស្រាយវិបត្តិ។
Danilov បាននិយាយកាលពីថ្ងៃសុក្រថា អ៊ុយក្រែនមិនមានផែនការក្នុងការដណ្តើមយកទឹកដីដែលកាន់កាប់ដោយក្រុមបំបែកខ្លួនឡើងវិញដោយកម្លាំងនោះទេ ដោយបន្ថែមថា ការឈ្លានពានរបស់រុស្ស៊ីពេញលក្ខណៈលើអ៊ុយក្រែនទំនងជាមិនអាចទៅរួចនោះទេ៕ប្រែសម្រួលៈ ណៃ តុលា



