បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ជាតិអ៊ីរ៉ង់ កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា យន្តហោះដែលផលិតដោយអាមេរិក ប្រភេទ F5 និងត្រូវបានប្រើប្រាស់ ដោយកងកម្លាំងយោធាអ៊ីរ៉ង់ បានជួបហេតុការណ៍ធ្លាក់ ប៉ះទៅនឹងសាលារៀនមួយកន្លែង នៅក្នុងទីក្រុង Tabriz បណ្តាលឲ្យស្លាប់ពីឡុតទាំងពីរនាក់ និងមនុស្សម្នាក់ទៀតនៅនឹងដី។
សាលារៀននេះបានបិទទៅហើយ នៅពេលវេលាកើតហេតុមកដល់នេះ បើយោងតាមការបញ្ជាក់ដោយអ្នកនាំពាក្យ របស់យោធាលោក Shahin Taqi-Khaniហើយអះអាងទៀតថា បញ្ហាបច្ចេកទេស គឺជាមូលហេតុដែលនាំឲ្យមាន ការធ្លាក់យន្តហោះប្រយុទ្ធម៉ូដេលចាស់មួយនេះ ប៉ុន្តែការស៊ើបអង្កេតនៅតែបន្តធ្វើនៅឡើយ។
ទោះបីជាយ៉ាងណាក្តីអ្នកជំនាញជាច្រើន បាននិយាយថាអ៊ីរ៉ង់ គឺជាប្រទេសដែលមានប្រព័ន្ធសុវត្ថិភាព ក្នុងជួរកងទ័ពអាកាសអន់បំផុត ជាពិសេសតាមរយៈការធ្លាក់យន្តហោះជាច្រើនកន្លងមក ដែលភាគច្រើនសុទ្ធតែជា យន្តហោះផលិតនៅអាមេរិក និងត្រូវបានអ៊ីរ៉ង់ទិញតាំងតែពីមុនបដិវត្តអ៊ីស្លាម ឆ្នាំ១៩៧៩មកម្ល៉េះ៕ ប្រែសម្រួល៖ស៊ុនលី