ព័ត៌មានអន្តរជាតិ

ណាតូ ជំរុញឲ្យរុស្ស៊ី ជ្រើសរើសផ្លូវការទូត ក្នុងជម្លោះជាមួយអ៊ុយក្រែន

ព្រុចសែល៖ ប្រធានអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានជំរុញឱ្យរុស្ស៊ី “ជ្រើសរើសផ្លូវនៃការទូត” នៅក្នុងជម្លោះជាមួយអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានឲ្យដឹងនៅចុងបញ្ចប់ នៃកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការអូតង់ និងអ៊ុយក្រែនថា “នេះគឺជាពេលវេលាដ៏គ្រោះថ្នាក់បំផុត នៅក្នុងសន្តិសុខអឺរ៉ុប សម្រាប់មួយជំនាន់” ។

លោកបានបន្ដថា “អឺរ៉ុប និងអាមេរិកខាងជើង បន្តឈរយ៉ាងរឹងមាំជាមួយគ្នា នៅក្នុងអង្គការណាតូ ដោយប្តេជ្ញាការពារអ៊ុយក្រែន និងការពារគ្នាទៅវិញទៅមក។

លោកបានបន្ថែមថា អង្គការណាតូ បានដាក់កងកម្លាំងឆ្លើយតបរបស់ខ្លួន លើការត្រៀមខ្លួនខ្ពស់ជាងមុន កាលពីប៉ុន្មានសប្តាហ៍មុន ហើយមានយន្តហោះចំនួន ១០០ គ្រឿង ដាក់នៅលើការប្រុងប្រយ័ត្នខ្ពស់ និងនាវាចំនួន ១២០គ្រឿង នៅតាមដែនសមុទ្រ។

ទោះបីជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា វាមិនយឺតពេលនោះទេ ក្នុងការជ្រើសរើសផ្លូវការទូត ជាជាងវាយប្រហារ ខណៈដែលលោកបានអំពាវនាវឱ្យរុស្ស៊ី ចូលរួមការចរចា ដើម្បីស្វែងរកដំណោះស្រាយនយោបាយ ចំពោះជម្លោះនេះ។

លោកបានស្វាគមន៍ ចំពោះទណ្ឌកម្មសេដ្ឋកិច្ច ដែលបានប្រកាសដោយសម្ព័ន្ធមិត្តណាតូ ជាច្រើន និងការសម្រេចចិត្ត របស់រដ្ឋាភិបាលអាល្លឺម៉ង់ថា ខ្លួនមិនអាចបញ្ជាក់លើដំណើរការ បំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream 2 បាននោះទេ៕ ដោយ ឈូក បូរ៉ា

Most Popular

To Top