ព័ត៌មានអន្តរជាតិ

រុស្ស៊ី ឈ្លានពានអ៊ុយក្រែន៖ ប្រធានអង្គការណាតូ និយាយថា សន្តិភាពនៅអឺរ៉ុប​ ត្រូវបានបំផ្លាញទាំងស្រុងហើយ

អ៊ុយក្រែន៖ ចំពេលមានការរិះគន់ ពីអន្តរជាតិ ចំពោះសកម្មភាពរបស់ទីក្រុងមូស្គូ ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen និយាយថា មេដឹកនាំសហភាពអឺរ៉ុប នឹងត្រូវបានស្នើសុំឲ្យអនុម័ត ដាក់ទណ្ឌកម្មដ៏ធំ និងជាគោលដៅប្រឆាំង នឹងប្រទេសរុស្ស៊ីជាដាច់ខាត យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។

ប្រមុខអង្គការណាតូ បាននិយាយថា សន្តិភាពនៅក្នុងទ្វីបអឺរ៉ុប ត្រូវបានខ្ទេចខ្ទាំដោយការលុកលុយ របស់ប្រទេសរុស្ស៊ី មកលើប្រទេសអ៊ុយក្រែន ហើយសង្រ្គាមមួយកំពុងលាតត្រដាង តាមមាត្រដ្ឋាន និងប្រភេទដែលយើងគិតថា ជាប្រវត្តិសាស្ត្រ។ លោក Jens Stoltenberg អគ្គលេខាធិការអង្គការនេះ បាននិយាយថា នេះគឺជាពេលវេលាដ៏ធ្ងន់ធ្ងរមួយ សម្រាប់សន្តិសុខអឺរ៉ុប។

លោកបានបន្ថែមថា ការវាយប្រហាររបស់ទីក្រុងមូស្គូ គឺគ្មានការបង្កហេតុ និងមិនសមហេតុផលដោយពណ៌នាថា វាជា ការឈ្លានពានដោយចេតនា ឈាមត្រជាក់ និងគ្រោងទុកជាយូរយារណាស់មកហើយ និងជាការបំពានយ៉ាងធ្ងន់ធ្ងរ នៃច្បាប់អន្តរជាតិ។
ចំពេលមានការរិះគន់ជាអន្តរជាតិ ចំពោះសកម្មភាពរបស់ទីក្រុងមូស្គូ ឯកអគ្គរដ្ឋទូតណាតូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចពិភាក្សាបន្ទាន់ថា យើងបានបង្កើនការត្រៀមខ្លួន របស់កងកម្លាំងរបស់យើង ដើម្បីឆ្លើយតបទៅនឹងឧបទ្ទវហេតុទាំងអស់។

សម្ព័ន្ធមិត្តបានយល់ព្រមពង្រឹង កងកម្លាំងដីគោក សមុទ្រ និងដែនអាកាសរបស់ខ្លួន នៅលើផ្នែកខាងកើតរបស់ខ្លួន នៅជិតអ៊ុយក្រែន ប៉ុន្តែអង្គការណាតូនឹងមិនចាប់ផ្តើម សកម្មភាពយោធាណាមួយ ដើម្បីគាំទ្រអ៊ុយក្រែនឡើយ។ លោក Stoltenberg បាននិយាយថា អង្គការណាតូ បានបញ្ជូនយន្តហោះជាង ១00 គ្រឿងនៅលើការប្រុងប្រយ័ត្នខ្ពស់ ការពារដែនអាកាសរបស់ខ្លួន៕ ប្រែសម្រួលដោយ៖លី ភីលីព

Most Popular

To Top