ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នំា២០២២ថា ដោយសារការបិទដែនអាកាសរបស់សហភាពអឺរ៉ុប ទៅកាន់ប្រទេសរុស្ស៊ី ក្រសួងការបរទេសបារាំង កាលពីថ្ងៃអាទិត្យថា បានស្នើជនជាតិរបស់ខ្លួនឱ្យចាកចេញពីប្រទេសរុស្ស៊ីជាបន្ទាន់ ។
ក្រសួងការបរទេសបារាំង បានឲ្យដឹងនៅក្នុងសេចក្តីជូនដំណឹងអំពីការធ្វើដំណើរចុងក្រោយថា “ដោយសារតែការរឹតត្បិតកាន់តែខ្លាំងឡើងលើចរាចរណ៍ផ្លូវអាកាសរវាងរុស្ស៊ី និងអឺរ៉ុប ក្រសួងបានណែនាំយ៉ាងមុតមាំថា ជនជាតិបារាំងដែលមិនមែនជានិវាសនជននៅក្នុងប្រទេសរុស្ស៊ី រៀបចំការចាកចេញពីប្រទេសដោយមិនមានការពន្យារពេលដោយបណ្តាញភ្ជាប់ផ្លូវអាកាសដែលមានស្រាប់” ។
យោងតាមក្រសួង ក្រុមហ៊ុននៅអ៊ឺរ៉ុបភាគច្រើន រួមទាំងក្រុមហ៊ុន Air France បានផ្អាកការហោះហើរកាលពីថ្ងៃអាទិត្យ ទាំងក្នុង និងក្រៅប្រទេសរុស្ស៊ី បន្ទាប់ពីសហភាពអឺរ៉ុប បានសម្រេចបិទដែនអាកាសរបស់ខ្លួនទៅកាន់ប្រទេសរុស្ស៊ី ។
នៅក្នុងសេចក្តីជូនដំណឹងអំពីការធ្វើដំណើរជាលើកទី២ទាក់ទងនឹងប្រទេសបេឡារុស្ស ក្រសួងក៏បានស្នើឲ្យជនជាតិរបស់ខ្លួនចាកចេញពីប្រទេសបេឡារុស្ស ជាបន្ទាន់ ទោះបីមានព្រំដែនដីគោកក៏ដោយ ។
ក្រសួងបានឲ្យដឹងថា “ជនជាតិបារាំងនៅប្រទេសបេឡារុស្ស ត្រូវបានអញ្ជើញឱ្យចាកចេញពីប្រទេសដោយមិនបង្អង់យូរតាមផ្លូវគោកតាមរយៈចំណុចឆ្លងកាត់ព្រំដែនជាមួយប្រទេស Lithuania, Poland រឺ Latvia” ។
ប្រធានគណៈកម្មការអឺរ៉ុប លោក Ursula von der Leyen បានប្រកាសកាលពីថ្ងៃអាទិត្យថា EU នឹងបិទដែនអាកាសរបស់ខ្លួនចំពោះក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី ជាការឆ្លើយតបទៅនឹង “ប្រតិបត្តិការយោធាពិសេស” របស់រុស្ស៊ី នៅអ៊ុយក្រែនចាប់តាំងពីព្រឹកថ្ងៃព្រហស្បតិ៍៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា