គៀវ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នំា២០២២ថា ការបាញ់ផ្លោង របស់រុស្ស៊ី បានវាយប្រហារ ទៅលើគោលដៅ ជនស៊ីវិលនៅកណ្តាលទីក្រុង Dnipro របស់អ៊ុយក្រែន នៅថ្ងៃសុក្រនេះ ខណៈដែលកងទ័ព របស់ទីក្រុងម៉ូស្គូ បានខិតទៅជិតទីក្រុង Kyiv ជាកន្លែងដែលក្រុមមន្ត្រីបានលើកឡើងថា រដ្ឋធានីកំពុងត្រូវបានផ្លាស់ប្តូរទៅជា “បន្ទាយ” ។
ជនស៊ីវិលរាប់រយពាន់នាក់ នៅតែជាប់គាំង និងស្ថិតក្រោមការបាញ់ ប្រហារនៅក្នុងទីក្រុងនានា របស់អ៊ុយក្រែន រួមទាំងការឡោមព័ទ្ធក្រុង Mariupol បន្ទាប់ពីកិច្ចចរចាលើកដំបូង រវាងអ្នកការទូតកំពូលរបស់ទីក្រុងម៉ូស្គូ និងទីក្រុង គៀវ (Kyiv) បានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ ដោយមិនមានការរីកចម្រើនអ្វីឡើយ ។
សេវាសង្គ្រោះបន្ទាន់បានឲ្យដឹងថា នៅព្រឹកព្រលឹមថ្ងៃសុក្រនេះ យន្តហោះ ចម្បាំងរុស្ស៊ី បានធ្វើអ្វីដែលហាក់ដូចជាការ វាយប្រហារដោយផ្ទាល់ជាលើកដំបូង លើក្រុង Dnipro ដោយបានសម្លាប់មនុស្សម្នាក់ ។
សេចក្តីថ្លែងការណ៍របស់សេវាសង្គ្រោះបន្ទាន់បានឲ្យដឹងថា ការវាយប្រហារតាមអាកាសចំនួន៣លើក បានវាយប្រហារទៅលើសាលាមត្តេយ្យ អគារផ្ទះល្វែង និងរោងចក្រស្បែកជើង ។
នៅកន្លែងផ្សេងទៀត យោធាអ៊ុយក្រែនបានព្រមានថា “សត្រូវកំពុងព្យាយាមលុបបំបាត់ការការពាររបស់កងកម្លាំងអ៊ុយក្រែននៅជុំវិញ “តំបន់នៅភាគខាងលិច និងភាគពាយព្យនៃរដ្ឋធានី “ដើម្បីរារាំងទីក្រុង គៀវ” ។
ពួកគេបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងមិនអាចបដិសេធចលនា របស់សត្រូវទៅទិសខាងកើតឆ្ពោះទៅរក ក្រុង Brovary បានទេ” ។
អភិបាលក្រុង គៀវ លោក Vitali Klitschko បានលើកឡើងថា ប្រជាជនពាក់កណ្តាលនៃទីក្រុងបានភៀសខ្លួន ហើយរដ្ឋធានី “ត្រូវបានផ្លាស់ប្តូរទៅជាបន្ទាយ” ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា