លោក Roman Abramovich ត្រូវបានសហភាពអឺរ៉ុប ប្រកាសដាក់ទណ្ឌកម្មដែរហើយ បន្ទាប់ពីរដ្ឋាភិបាលអង់គ្លេសដាកទណ្ឌកម្ម កាលពីសប្ដាហ៍មុន។
ដោយចោទថាលោក Abramovich ជាមនុស្សស្និទ្ធិជាមួយពូទីន និងជាផ្នែកមួយជួយរុស្សី ឈ្លានពានដល់អ៊ុយក្រែន អង់គ្លេស បានសម្រេចដាក់ទណ្ឌកម្ម លើសេដ្ឋីរុស្ស៊ីរូបនេះហើយ ដោយបង្កកទ្រព្យសម្បត្តិទាំងអស់ និងចរន្ដប្រាក់របស់លោក នៅធនាគារអង់គ្លេសផងដែរ។ ក្រោយពីនោះ មិនទាន់បានប៉ុន្មានថ្ងៃផង ពេលនេះសហភាពអឺរ៉ុប ក៏ចាប់ផ្ដើមដាក់ទណ្ឌកម្ម ដល់លោកទៀតផងដែរ។ ដោយទណ្ឌកម្មនោះ មិនខុសពីអង់គ្លេសដាក់ប៉ុន្មាននោះទេ។
នៅពេលនេះ Abramovich ត្រូវបានគេថតជាប់ នៅព្រលានយន្ដហោះប្រទេសអ៊ីស្រាអែល កន្លែងដែលលោកទទួលបានសញ្ជាតិផងដែរ។ តែក្រោយពីប៉ុន្មានម៉ោង ឃើញនៅព្រលាននោះហើយ យន្ដហោះឯកជនរបស់លោកក៏បន្ដទៅទួរគីទៀត តែមិនដឹងថាលោកធ្វើដំណើរ ទៅជាមួយឬអត់នោះទេ។ ខណៈដែលនាវាកម្សាន្តយក្សទាំងពីររបស់លោក ដែលមានតម្លៃជិត១ពាន់លានផោននោះ កំពុងស្វែងរកផ្លូវដើម្បីគេចចេញ ពីដែនទឹកអឺរ៉ុបផងដែរ។
ដោយនាវាទី១ ឈ្មោះ Solaris តម្លៃ៤៣០លានផោន ដែលនៅ Barcelona បានបើកចេញពីកំពង់ផែហើយ។ គោលដៅរបស់វា ត្រូវបានគេមើលឃើញថា ទំនងជាទៅក្រុង Istanbul ប្រទេសទួរគីកន្លែងដែលយន្ដហោះឯកជនរបស់លោក Abramovich ទៅ។ ខណៈដែលនាវាមួយទៀតឈ្មោះ Eclipse តម្លៃ៧៥០លានផោន កំពុងឆ្ពោះទៅទិសខាងកើត ឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេដែរ។ គៅលដៅរបស់នាវានេះ មិនទាន់ច្បាស់នោះទេ តែក៏អាចនឹងបន្ដទៅក្រុង Istanbul ដូចគ្នា។
ទាំងនេះអាចបញ្ជាក់បានថា លោក Abramovich កំពុងចង់យករបស់មានតម្លៃរបស់ខ្លួន ទាំងអស់នេះ ចេញឱ្យផុតដែនទឹករបស់ប្រទេសសមាជិកអឺរ៉ុប ទាំងអស់តែម្ដង។ ការធ្វើបែបនេះ ដើម្បីគេចចេញពីទណ្ឌកម្ម ឬអាចត្រូវគេរឹបអូសយកភ្លាមៗ ដូចនាវាកម្សាន្ដរបស់សេដ្ឋីរុស្សី ដទៃទៀត ដែលត្រូវអាល្លឺម៉ង់ និងអ៊ីតាលីរឹបអូសយកអស់៕ Source: Sabay