ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដី កម្រិតនៅជប៉ុន ៧,៣រ៉ិចទ័រ ព័ត៌មានបឋមស្លាប់២ និងរបួសជាង៩០នាក់

តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ថា គ្រោះរញ្ជួយដីកម្រិត៧,៣ រ៉ិចទ័រ បានវាយលុកឆ្នេរសមុទ្រភាគឦសានរបស់ប្រទេសជប៉ុន នៅឯទីក្រុង Fukushima កាលពីល្ងាចថ្ងៃពុធ ដោយបានបណ្តាល ឲ្យមនុស្ស២នាក់ស្លាប់ និង៩៤នាក់ទៀតរងរបួស និងរំលឹកឡើងវិញនូវការចងចាំពីការរញ្ជួយដី និងរលកយក្សស៊ូណាមិ ដែលបានបំផ្លាញតំបន់ដូចគ្នា កាលពីជាងមួយទសវត្សរ៍មុន ។

រដ្ឋាភិបាលបានថ្លែងថា មានរបាយការណ៍មួយចំនួន នៃអគ្គិភ័យកើតឡើង ។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះអគ្គីភ័យ និងគ្រោះមហន្តរាយបានឲ្យដឹង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា មានអ្នកស្លាប់ចំនួន២នាក់ដែលត្រូវបានបញ្ជាក់ និង៩៤នាក់បានរងរបួស ក្នុងនោះមាន៤នាក់យ៉ាងធ្ងន់ធ្ងរ ។

ការរញ្ជួយដីនេះ ត្រូវបានគេមានអារម្មណ៍ថា នៅទីក្រុងតូក្យូដែលមានចម្ងាយ ប្រហែល២៧៥គីឡូម៉ែត្រ ជាកន្លែងដែលការរញ្ជួយ នៃអគារមានរយៈពេលវែង និងច្បាស់លាស់ ។ ផ្ទះរាប់សែនខ្នងក្នុងរដ្ឋធានីបានធ្លាក់ចូលទៅក្នុងភាព ងងឹតក្នុងរយៈពេលមួយម៉ោង ឬច្រើនជាងនេះ បើទោះបីជាថាមពល ត្រូវបានស្ដារឡើងវិញទាំងស្រុង នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ក៏ដោយ ។

អាជ្ញាធរបានលុបចោលការ ព្រមានអំពីរលកយក្សស៊ូណាមិ ។

ទីភ្នាក់ងារឧតុនិយមជប៉ុន បានឲ្យដឹងថា នៅមុនពាក់កណ្តាលអធ្រាត្រ គ្រោះរញ្ជួយដីបានវាយប្រហារ នៅឆ្នេរសមុទ្រនៃខេត្ត Fukushima ក្នុងជម្រៅ៦០គីឡូម៉ែត្រ ។ វាបានជំរុញឱ្យមានការចង ចាំពីការរញ្ជួយដីដ៏បំផ្លិចបំផ្លាញ និងរលកយក្សស៊ូណាមិ ក្នុងខែមីនា ឆ្នាំ២០១១ មួយសប្តាហ៍បន្ទាប់ពីខួបលើកទី១១ នៃគ្រោះមហន្តរាយនោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top