ព័ត៌មានអន្តរជាតិ

Arnold ​ផ្ញើ​វីដេអូ ​ឱ្យ​ពលរដ្ឋ​ និង​ទាហាន​រុស្ស៊ី​ ភ្ញាក់​ខ្លួន​ឡើង ព្រោះ​ ពូទីន ​កំពុង​កុហក​គ្រប់​គ្នា​

​អតីត​កីឡាករ ​កាយវប្បកម្ម Arnold Schwarzenegger ​បាន​ធ្វើ​វីដេអូ​ផ្ញើ​ទៅ​ពលរដ្ឋ​រុស្ស៊ី ​និង​ទាហាន​ទាំង​អស់​ថា​ប្រធានាធិបតី​ពូទីន ​កំពុងប្រឌិត​រឿង ដើម្បី​កុហក​បោក​ពួកគេ​ហើយ។

​តារា​ល្បី​របស់​ពិភពលោក ​Arnold Schwarzenegger ជាអ្នកនយោបាយ តារាសម្ដែង អ្នក​ផលិត​ភាពយន្ត ​អ្នកជំនួញ អ្នកនិពន្ធ ​និង​ជា​អតីត​កីឡាករ​កាយវប្បកម្ម​ផង​នោះ ​បាន​និយាយ​ថា​រដ្ឋាភិបាល​រុស្ស៊ី ​និយាយ​កុហក​ពលរដ្ឋ​ខ្លួន​ឯង ​ជា​ពិសេស​ទាហាន ​ដើម្បី​បញ្ជូន​ពួកគេ​ទៅ​ធ្វើ​សង្គ្រាម​នៅ​អ៊ុយក្រែន​ហើយ ។ ​លោក Arnold ​បាន​ប្រាប់​ឱ្យ​គ្រប់​គ្នា ​ស្ដាប់​លោក​ឱ្យ​ច្បាស់​ថា​ពលរដ្ឋ​រុស្ស៊ី​ដល់​ទៅ​១១​លាន​នាក់​ឯ​ណោះ​ ដែល​មាន​សាច់ញាតិ​នៅ​អ៊ុយក្រែន ដូច្នេះ​ហើយ​ប្រសិន​បើ​អ្នក​បាញ់​ពួកគេ ​ដូច​អ្នក​បាញ់​បង​ប្អូន​ឯង​អីចឹង​ដែរ។

​បុរស​វ័យ​៧៤​ឆ្នាំ​បាន​និយាយ​ទៀត​ថា​៖ “ទៅ​លោក​ពូទីន ខ្ញុំ​អាច​និយាយ​ថា អ្នក​បាន​ចាប់​ផ្ដើម​សង្គ្រាម​នេះ អ្នក​ជា​អ្នក​ដឹក​នាំ​សង្គ្រាម​នេះ អ្នក​អាច​បញ្ឈប់​វា​បាន។ ខ្ញុំ​សួរ​អ្នក ​ហេតុ​អ្វី​អ្នក​លះបង់​យុវជន​ទាំង​អស់​នោះ​ដើម្បី​មហិច្ឆតា​ខ្លួន​ឯង? ​អ៊ុយក្រែន ​ជា​ប្រទេស​ដែល​មាន​ប្រធានាធិបតី​ជា​ជនជាតិ​ជ្វីហ្វ ​ហើយ​ខ្ញុំ​អាច​បញ្ជាក់​ថា ​បងប្អូន​របស់​ឪពុក​គាត់​សុទ្ធ​តែ​ត្រូវ​ស្លាប់​ដោយ​ពួក​ណាស៊ី ។ អ្នក​ឃើញ​ទេ អ៊ុយក្រែន​មិន​បាន​ចាប់​ផ្ដើម ​សង្គ្រាម​នេះ​ទេ ទាំង​អ្នក​ជាតិ​និយម ឬ​ណាស៊ីស ។ ​អ្នក​កាន់​អំណាច​នៅ​វិមាន​ក្រឹមឡាំង ​បាន​ចាប់​ផ្ដើម​សង្គ្រាម​នេះ។ វា​មិន​មែន​ជា​សង្គ្រាម​ដែល​កើត​ឡើង​ដោយ​ប្រជាជន​រុស្ស៊ី​ទេ”។

​រំលឹក​ថា​សង្គ្រាម​ នៅ​អ៊ុយក្រែន គឺ​ជា​ការ​បញ្ជា​ផ្ទាល់ ​របស់​លោក​ពូទីន ​ឱ្យ​បាន​ឱ្យ​រាប់​រាប់​ម៉ឺន​នាក់ ​វាយ​លុក​ចូល​តាំង​ពី​ថ្ងៃ​២៤ ​ខែ​កុម្ភៈ​ឆ្នាំ​២០២២​មក ។ រហូត​មក​ដល់​ពេល​នេះ ​មិន​ទាន់​ដឹង​ឈ្នះ​ចាញ់​នោះ​ទេ តែ​ទាហាន​រុស្ស៊ី​ ត្រូវ​បាន​គេ​ដឹង​ថា ​ស្លាប់​ច្រើន​ខ្លាំង​ណាស់ ព្រោះ​ពួកគេ​សម្រុក​ទាំង ​កម្រោល​ចូល​ក្រុង​គៀវ ។ ដោយ​ឡែក​រុស្ស៊ី​ ក៏​ទទួល​បាន​ទណ្ឌកម្ម​ខ្លាំង ​ពី​ស្ទើរ​គ្រប់​ប្រទេស​ផង​ដែរ ធ្វើ​ឱ្យ​ពលរដ្ឋ​ ខ្លួន​ឯង​រាប់​ពាន់​នាក់ ​ចូល​រួម​តវ៉ា​ប្រឆាំង​សង្គ្រាម ​មួយ​នេះ ។ ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​លោក​ពូទីន ​នៅ​តែ​បញ្ជាក់​ជំហរ​ខ្លួន ​ថា​សង្គ្រាម​អ៊ុយក្រែន​​នេះ ​ត្រូវ​តែ​បន្ដ ​និង​សម្រេច ​តាម​គោលដៅ​ឱ្យ​បាន៕

Most Popular

To Top