តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ថា ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានរាយការណ៍ នៅថ្ងៃសុក្រនេះថា កងកម្លាំងបរទេសទាំងអស់ គួរតែដកខ្លួនចេញពីប្រទេសស៊ីរី “ភ្លាមៗ និងដោយគ្មានលក្ខខណ្ឌ” លោក Majid Takht-Ravanchi បានថ្លែងកាលពីថ្ងៃសុក្រ អគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំនៅអង្គការសហប្រជាជាតិ បានថ្លែងដូច្នេះ ។
ថ្លែងសុន្ទរកថាក្នុងសម័យប្រជុំ ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ អ្នកការទូតអ៊ីរ៉ង់បានចោទប្រកាន់កងកម្លាំងបរទេស នៅក្នុងប្រទេសស៊ីរីពីបទ “លួច”ធនធានធម្មជាតិរបស់ប្រទេស ដែលបំផ្លិចបំផ្លាញដោយសង្រ្គាម និងរំលោភលើអធិបតេយ្យភាព របស់ប្រទេសស៊ីរី ដំណោះស្រាយរបស់អង្គការ សហប្រជាជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ។
លោកត្រូវបានដកស្រង់សម្តីថា “ដូច្នេះហើយ កងកម្លាំងបរទេសទាំងអស់ ដែលកាន់កាប់ និងមិនបានអញ្ជើញ រួមទាំងទាហានអាមេរិក ត្រូវតែចាកចេញពីប្រទេសភ្លាមៗ ដោយគ្មានលក្ខខណ្ឌជាមុន” ។
លោកក៏បានថ្កោលទោស ទៅលើការវាយប្រហារ តាមអាកាសលើទីក្រុង ដាម៉ាស់ ដោយអ៊ីស្រាអ៊ែលកាលពីថ្ងៃទី៧ ខែមីនា ដោយថា ការវាយប្រហារលើរដ្ឋធានីស៊ីរី គឺជាការរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ ។
លោក Takht-Ravanchi ក៏បានចង្អុលបង្ហាញពីផលវិបាក ដ៏មហន្តរាយនៃទណ្ឌកម្មលោកខាងលិច លើគ្រប់ទិដ្ឋភាពនៃជីវិតរបស់ប្រជាជនស៊ីរី ។
គួរបញ្ជាក់ថា អ៊ីរ៉ង់ ជាសម្ព័ន្ធមិត្តដ៏សំខាន់ របស់រដ្ឋាភិបាលស៊ីរី ក្នុងការប្រយុទ្ធប្រឆាំង នឹងក្រុមឧទ្ទាមប្រដាប់អាវុធតាំងពីឆ្នាំ ២០១១ ៕ ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា