គៀវ៖ ប្រមុខចារកម្មយោធាអ៊ុយក្រែន ឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន អាចនឹងសម្លឹងមើល ពីការបំបែកអ៊ុយក្រែនជាពីរ ដូចកូរ៉េខាងជើង និងកូរ៉េខាងត្បូង អញ្ចឹងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន CNN។
កងពលតូច ឧត្តមសេនីយ៍ លោក Kyrylo Budanov ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ ការពារជាតិអ៊ុយក្រែន បានឲ្យដឹងថា ប្រតិបត្តិការរបស់រុស្ស៊ី នៅជុំវិញទីក្រុងគៀវ បានបរាជ័យ ហើយឥឡូវនេះ វាមិនអាចទៅរួចទេ សម្រាប់កងទ័ពរុស្ស៊ីក្នុងការផ្តួលរំលំ រដ្ឋាភិបាលអ៊ុយក្រែន។ លោកបានលើកឡើងថា សង្គ្រាមរបស់លោកពូទីនឥឡូវនេះ គឺផ្តោតលើភាគខាងត្បូង និងភាគខាងកើត នៃប្រទេសអ៊ុយក្រែន។
លោកបន្ដថា “មានហេតុផល ដើម្បីជឿថា លោកកំពុងពិចារណាសេណារីយ៉ូ “កូរ៉េ” សម្រាប់អ៊ុយក្រែន នោះគឺកងកម្លាំងរុស្ស៊ី នឹងព្យាយាមដាក់ខ្សែបន្ទាត់បែងចែក រវាងតំបន់ ដែលមិនបានកាន់កាប់ និងកាន់កាប់នៃប្រទេសរបស់យើង។ តាមពិត វាជាការប៉ុនប៉ង បង្កើតកូរ៉េខាងជើង និងខាងត្បូងនៅអ៊ុយក្រែន”។
លោក Budanov បានលើកឡើងថា រុស្ស៊ី នៅតែមានចេតនាបង្កើតច្រករបៀង លើដីពីព្រំដែនរុស្ស៊ី ទៅកាន់តំបន់គ្រីមេ ហើយបានឲ្យដឹងថា លោករំពឹងថានឹងឃើញការប៉ុនប៉ង ដើម្បីបង្រួបបង្រួមទឹកដី ដែលកាន់កាប់ដោយរុស្ស៊ី ទៅជាអង្គភាពតែមួយ។
លោក Budanov បានបន្ថែមថា “យើងកំពុងមើលឃើញការប៉ុនប៉ង ដើម្បីបង្កើត” ប៉ារ៉ាឡែល “អាជ្ញាធរនៅក្នុងទឹកដីដែលកាន់កាប់ និងបង្ខំមនុស្សឱ្យបោះបង់ រូបិយប័ណ្ណអ៊ុយក្រែន” ដោយបន្ថែមថា លោករំពឹងថាប្រជាជនអ៊ុយក្រែន នឹងទប់ទល់ នឹងកិច្ចខិតខំប្រឹងប្រែង នយោបាយរបស់រុស្ស៊ី៕ ប្រែសម្រួល ឈូក បូរ៉ា