នាវាចម្បាំងដ៏សំខាន់បំផុតមួយ របស់កងទ័ពជើងទឹករុស្ស៊ី បានលិចនៅក្នុងសមុទ្រខ្មៅ ដែលជាការវាយលុកដ៏ធំដល់យោធា ដែលកំពុងតស៊ូប្រឆាំងនឹងការតស៊ូរបស់អ៊ុយក្រែន ក្នុងរយៈពេល ៥០ ថ្ងៃក្នុងការឈ្លានពានរបស់ប្រធានាធិបតី Vladimir Putin ទៅលើអ្នកជិតខាងគឺអ៊ុយក្រែន។
យោងតាមសារព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS បានរាយការណ៍កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សេចក្តីថ្លែងការណ៍ របស់ក្រសួងការពារជាតិរុស្ស៊ីថា នាវាចម្បាំងផ្ទុកមីស៊ីលឈ្មោះ Moskva បានលិច ។
សេចក្តីថ្លែងការណ៍បាននិយាយថា “ក្នុងអំឡុងពេលនៃការអូសនាវា Moskva ទៅកាន់កំពង់ផែគោលដៅ នាវាបានបាត់បង់ស្ថេរភាពដោយសារតែការខូចខាត ផ្នែកខាងក្រៅដែលរងការខូចខាត ក្នុងអំឡុងពេលមានការឆេះពីការផ្ទុះគ្រាប់។ នៅក្នុងលក្ខខណ្ឌនៃសមុទ្រដែលមានព្យុះ នាវាចម្បាំងនេះក៏បានលិច” , នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ TASS ។
ចំណែកទីបញ្ជាការ ប្រតិបត្តិការអ៊ុយក្រែនខាងត្បូង បានអះអាងនៅដើមថ្ងៃព្រហស្បតិ៍ថា នាវាចម្បាំង Moskva ផ្ទុកមីស៊ីល បានចាប់ផ្តើមលិចបន្ទាប់ពីវា ត្រូវបានវាយប្រហារដោយមីស៊ីល ប្រឆាំងនាវាអ៊ុយក្រែន Neptune ។
បើតាមសេចក្តីថ្លែងការណ៍ពីភាគីយោធាអ៊ុយក្រែន បាននិយាយថា “នៅក្នុងតំបន់ប្រតិបត្តិការនៅសមុទ្រខ្មៅ ខ្លួនបានប្រើមីស៊ីលប្រឆាំងនាវាប្រភេទ Neptune វាយប្រហារលើនាវា Moskva ដែលជានាវាចម្បាំងរបស់កងនាវាចរ នៅសមុទ្រខ្មៅរបស់រុស្ស៊ី ដែលវាបានទទួលការខូចខាតយ៉ាងធ្ងន់ធ្ងរ” ហើយ “ភ្លើងបានឆាបឆេះ។ អង្គភាពផ្សេងទៀត នៃក្រុមនាវាបានព្យាយាមជួយ ប៉ុន្តែព្យុះ និងការផ្ទុះដ៏ខ្លាំងក្លានៃគ្រាប់រំសេវ បានធ្វើឱ្យនាវាក្រឡាប់ ហើយវាបានចាប់ផ្ដើមលិច”តែម្តង៕