បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ថា គ្រាប់រ៉ុក្កែតចំនួន៦គ្រាប់បានវាយប្រហារកាលពីថ្ងៃអាទិត្យ ទៅលើតំបន់មួយក្នុងខេត្ត Erbil ក្នុងតំបន់ពាក់កណ្តាលស្វយ័ត Kurdistan ភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់ ប៉ុន្តែមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ ។ នេះបើតាមការបញ្ជាក់របស់ក្រុមសេវាប្រឆាំងភេរវកម្មក្នុងតំបន់ ហៅកាត់ថា (CTS) បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយដាក់ថាយ៉ាងដូច្នេះ ។
សេចក្តីថ្លែងការណ៍របស់ CTS បានដាក់ថា គ្រាប់រ៉ុក្កែតត្រូវបានបាញ់ចេញពីទីក្រុង al-Hamdaniya ដែលជាទីប្រជុំជនចម្ងាយ៦០គីឡូម៉ែត្រភាគខាងលិចនៃទីក្រុង Erbil ហើយបានធ្លាក់នៅជិតទន្លេ al-Zab នៅខាងក្រៅទីក្រុង Khabat នៃខេត្ត Erbil របស់ជនជាតិឃឺដ ។
រហូតមកដល់ពេលនេះ នៅមិនទាន់មានក្រុម ឬបុគ្គលណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនោះទេ ។

គួររំលឹកថា កាលពីថ្ងៃទី៦ ខែមេសា កន្លងទៅគ្រាប់រ៉ុក្កែតចំនួន៣គ្រាប់ក៏ត្រូវបានបាញ់ចេញពីតំបន់ al-Hamdaniya ហើយបានវាយប្រហារតំបន់ដែលមានមនុស្សរស់នៅក្បែរកន្លែងចំរាញ់ប្រេងក្នុងតំបន់ Khabat ដែលមិនបណ្តាលឱ្យមានអ្នករងរបួសឡើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
