ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ថា កាលពីថ្ងៃពុធ តម្លៃប្រេងបាន កើនឡើងយ៉ាងខ្លាំង បន្ទាប់ពីសហភាពអឺរ៉ុប ហៅកាត់ថា (EU) បង្ហាញពីផែនការបញ្ឈប់ការលក់ប្រេង របស់រុស្ស៊ី ដែលបង្កឱ្យមានក្តីបារម្ភជុំវិញ ការផ្គត់ផ្គង់ដ៏រឹងតឹង ។
សារជីវកម្មប្រេង West Texas Intermediate (WTI) សម្រាប់ការចែកចាយខែមិថុនា បានបន្ថែម៥,៤ដុល្លារអាមេរិក រឺ៥,៣ភាគរយស្មើ នឹង១០៧,៨១ដុល្លារក្នុង១បារ៉ែល នៅលើផ្សារហ៊ុន New York Mercantile Exchange ។ ប្រេងឆៅ សម្រាប់ចែកចាយខែកក្កដា បានកើនឡើង៥,១៧ដុល្លារ រឺ៤,៩ភាគរយ មកដល់តម្លៃ១១០.១៤ដុល្លារក្នុង១បារ៉ែលនៅលើ ផ្សារហ៊ុន London ICE Futures Exchange ។
ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen បានលើកឡើង កាលពីថ្ងៃពុធថា EU នឹងបញ្ឈប់ការផ្គត់ផ្គង់ប្រេងឆៅរបស់រុស្ស៊ីក្នុងរយៈពេល៦ខែ និងផលិតផលចម្រាញ់ នៅចុងឆ្នាំនេះ ។ ផែនការនេះគឺជាផ្នែកមួយ នៃកញ្ចប់ទណ្ឌកម្មទី៦ ដែលផ្តោតលើទីក្រុងម៉ូស្គូ ជុំវិញប្រតិបត្តិការយោធា របស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ។
លោក Carsten Fritsch អ្នកវិភាគថា មពលនៅក្រុមហ៊ុន Commerzbank Research ដោយដក ស្រង់ទិន្នន័យ ពីទីភ្នាក់ងារថាមពលអន្តរជាតិ បានលើកឡើងថា បណ្តាប្រទេសសហភាពអឺរ៉ុប បាននាំចូលប្រេងឆៅ ជាមធ្យម៣,៥លានបារ៉ែលក្នុង១ថ្ងៃពីប្រទេសរុស្ស៊ី នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២១ ។
លោកបានលើកឡើងទៀតថា “បរិមាណនេះ ឥឡូវត្រូវមានប្រភពពីកន្លែងផ្សេងទៀតនៅលើទីផ្សារ ដែលទំនងជានឹងរឹតបន្តឹងការផ្គត់ផ្គង់ ប្រសិនបើអ្វីៗផ្សេងទៀតនៅតែស្មើគ្នា ហើយគួរតែជំរុញឲ្យតម្លៃឡើងថ្លៃដែរ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា