ទីក្រុងឡុ ងដ៍ ៖ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា Google និង Facebook ជាមេ Meta នឹងត្រូវអនុវត្ត តាមច្បាប់ដ៏តឹងតែង របស់អង់គ្លេស ក្រោមការឃ្លាំមើលឌីជីថលថ្មី ដែលមានបំណង ផ្តល់ឲ្យអ្នកប្រើប្រាស់ នូវជម្រើស កាន់តែច្រើន តាមប្រព័ន្ធអ៊ីនធើណេត ឬប្រឈមនឹងការ គំរាមកំហែង នៃការផាកពិន័យធំ ។
រដ្ឋាភិបាលចក្រភព អង់គ្លេស បានគូសបញ្ជាក់អំពីអំណាច ដែលខ្លួនកំពុងរៀបចំ សម្រាប់អង្គភាពទីផ្សារឌីជីថល របស់ខ្លួនជានិយតករមួយ ដែលបានបង្កើតឡើង កាលពីឆ្នាំមុន ដើម្បីគ្រប់គ្រងលើភាពលេចធ្លោ នៃក្រុមហ៊ុនបច្ចេកវិទ្យាយក្ស។ វាមិនបានបញ្ជាក់ថា តើច្បាប់នឹងចូលជាធរមាន នៅពេលណាទេ ដោយគ្រាន់តែនិយាយថា ច្បាប់នឹងចូលមកក្នុងពេលកំណត់ ។
អាជ្ញាធរនៅអង់គ្លេស និងនៅទូទាំងទ្វីបអឺរ៉ុប បាននិងកំពុងដឹកនាំការជំរុញ ជាសកលដើម្បីទប់ស្កាត់ក្រុមហ៊ុន បច្ចេកវិទ្យា ចំពេលមានការកើនឡើង នៃការព្រួយបារម្ភ អំពីឥទ្ធិពល ដ៏លើសលប់ របស់ពួកគេ និងសម្ភារៈបង្កគ្រោះថ្នាក់ដែលកំពុងរីករាលដាល នៅលើវេទិការបស់ពួកគេ។ អង្គការឃ្លាំមើលចក្រភពអង់គ្លេសថ្មី នឹងអនុវត្តច្បាប់ធ្វើឲ្យវាកាន់តែងាយស្រួល សម្រាប់មនុស្សក្នុងការផ្លាស់ប្តូរ រវាងទូរស័ព្ទ iPhone និងឧបករណ៍ Android ឬរវាងគណនីប្រព័ន្ធផ្សព្វផ្សាយ សង្គមដោយមិនបាត់បង់ទិន្នន័យ និងសាររបស់ពួកគេ ។
នាយកដ្ឋានឌីជីថល របស់រដ្ឋាភិបាល បាននិយាយថា អ្នកប្រើប្រាស់ស្មាតហ្វូន នឹងទទួលបានជម្រើសកាន់ តែទូលំទូលាយនៃម៉ាស៊ីនស្វែងរក និងការគ្រប់គ្រងបន្ថែមទៀត លើរបៀបទិន្នន័យ របស់ពួកគេត្រូវបានប្រើប្រាស់ ។ ក្រុមហ៊ុនបច្ចេកវិទ្យា នឹងត្រូវព្រមានក្រុមហ៊ុនតូច ៗ ធ្វើអាជីវកម្មជាច្រើន របស់ពួកគេតាមអ៊ីនធើណេត អំពីការផ្លាស់ប្តូរចំពោះក្បួន ដោះស្រាយអាចប៉ះពាល់ដល់ ចរាចរណ៍គេហទំព័រ និងប្រាក់ចំណូលរបស់ពួកគេ ។
រដ្ឋាភិបាលបាននិយាយថា អង្គការឃ្លាំមើលក៏នឹងទទួលបានអំណាចក្នុង ការដោះស្រាយជម្លោះតម្លៃរវាងវេទិកាអនឡាញ និងអ្នកផ្សព្វផ្សាយព័ត៌មាន ដើម្បីធានាថាក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយ ទទួលបានប្រាក់កម្រៃសមរម្យ សម្រាប់មាតិការបស់ពួកគេ ។
ក្រុមហ៊ុនបច្ចេកវិទ្យា នឹងប្រឈមនឹងការផាកពិន័យរហូតដល់ ១០ភាគរយនៃប្រាក់ ចំណូលសកលប្រចាំ ឆ្នាំរបស់ពួកគេសម្រាប់ការបំពានច្បាប់ សម្រាប់ក្រុមហ៊ុនធំជាងគេ នឹងមានចំនួនរាប់ពាន់លានដុល្លារ ។ Google និង Meta មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំយោបល់ទេ៕ ដោយ៖លី ភីលីព