លោក Kim Jong-un មេដឹកនាំកំពូលរបស់កូរ៉េខាងជើង បានធ្វើការប្រកាសក្នុងថ្ងៃនេះដោយបានដាក់បម្រាមបិទខ្ទប់ (Lockdown) ទូទាំងប្រទេស ក្រោយប្រកាសរកឃើញករណីឆ្លងជំងឺកូវីដ-១៩ លើកដំបូង។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េ (The Korean Central News Agency ឬ KCNA)។
បើតាមព័ត៌មានក្នុងស្រុករបស់កូរ៉េជើង ករណីឆ្លងកូវីដ-១៩ ក្នុងកូរ៉េខាងជើងនេះជាប្រទេសអូមីក្រុង ដោយមកទល់នឹងពេលនេះ មិនមានទិន្នន័យថាចំនួនឆ្លងកូវីដ-១៩ ប៉ុន្មានឲ្យប្រាកដនៅឡើយទេក្នុងប្រទេសនេះ។
ករណីដំបូងនៃការឆ្លងជំងឺមួយនេះ គឺរកនៅទីក្រុងព្យុងយ៉ាង កាលពីបួនថ្ងៃមុន ដោយអ្នកប៉ះពាល់ផ្ទាល់ ក៏ដូចជាកន្លែងដែលកើតករណីដំបូងនេះ គឺត្រូវបានបិទខ្ទប់ ធ្វើចត្តាឡីស័ក និងធ្វើការយកសំណាក មុនថ្ងៃដែលបានប្រកាសដំណឹងនេះ។
បើតាម KCNA មេដឹកនាំកំពូលរបស់កូរ៉េខាងជើងរូបនេះ បានចាត់ទុកនេះការរីករាលដាលជំងឺរាតត្បាតកូវីដ-១៩ ក្នុងប្រទេសជាលើកដំបូងនេះ ជាភាពអាសន្នធ្ងន់ធ្ងររបស់ជាតិ ដោយបានចេញបម្រាមតឹងតែងបំផុត ជាពិសេសគឺការបិទខ្ទប់ និងកាត់បន្ថយការជួបជុំមនុស្ស ដើម្បីកាត់ផ្ដាច់ការឆ្លងជំងឺនេះ។
គួរបញ្ជាក់ផងដែរថា នេះជាលើកទីមួយហើយ កូរ៉េខាងជើង បានប្រកាសជាផ្លូវការថាខ្លួនបានរកឃើញករណីឆ្លងជំងឺមួយនេះ ដោយចាប់តាំងពីពិភពលោក មានការឆ្លងជំងឺនេះនៅដើមឆ្នាំ២០២០កន្លងមក ប្រទេសនេះបានធ្វើការបិទព្រំដែនខ្លួន មិនឲ្យមានភ្ញៀវទេសចរណ៍ និងការនាំទំនិញចេញចូលនោះឡើយ៕ Source: Sabay