ព័ត៌មានអន្តរជាតិ

រុស្ស៊ី នឹងមិនចូលរួម ក្នុងសម័យប្រជុំពិសេស របស់ UNHRC ស្តីពីអ៊ុយក្រែននោះទេ

ម៉ុស្គូ ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ប្រទេសរុស្ស៊ី បានជ្រើសរើស មិនចូលរួមក្នុងសម័យ ប្រជុំពិសេសនាពេលខាងមុខ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការ សហប្រជាជាតិ (UNHRC) ស្តីពីអ៊ុយក្រែន ដោយហៅព្រឹត្តិការណ៍នេះថា មានភាពលំអៀង។

ក្រសួងការបរទេសរបស់ប្រទេសនេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយដកស្រង់សម្តីអ្នក នាំពាក្យលោកស្រី Maria Zakharova ថា “ជាអកុសល អំណះអំណាង និងការពន្យល់ របស់យើងទាក់ទងនឹងគោលដៅពិត នៃប្រតិបត្តិការយោធាពិសេស និងស្ថានភាពនៅលើដី កំពុងត្រូវបានអើពើទាំងស្រុង” ។

UNHRC បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួននឹងបើកសម័យប្រជុំពិសេស មួយនៅថ្ងៃព្រហស្បតិ៍ “ដើម្បីដោះស្រាយស្ថានភាព សិទ្ធិមនុស្សកាន់តែយ៉ាប់យ៉ឺន ក្នុងប្រទេសអ៊ុយក្រែន ដែលផ្តើមចេញពីការឈ្លានពានរបស់រុស្ស៊ី” ។

លោកស្រី Zakharova ត្រូវបានគេ ដកស្រង់សម្តីថា “គណៈប្រតិភូរុស្ស៊ី នឹងមិនធ្វើឱ្យមានភាពស្របច្បាប់ ក្នុងការបង្ហាញនយោបាយ លំអៀងមួយផ្សេងទៀត ជាមួយនឹងវត្តមានរបស់ខ្លួននោះទេ” ។

លោកស្រី ក៏បានឲ្យដឹងដែរថា លោកខាងលិច ជាប្រពៃណី បានប្រើប្រាស់ សិទ្ធិមនុស្ស ដើម្បី ស្វែងរក ផលប្រយោជន៍ផ្ទាល់ខ្លួន តាមរយៈ អាកប្បកិរិយា ឆ្លៀតឱកាស ៕ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top