ព័ត៌មានអន្តរជាតិ

អង្គការ NATO អះអាងថា សង្រ្គាមរបស់រុស្ស៊ី មកលើអ៊ុយក្រែន នឹងមិនអាចសម្រេច ដូចផែនការនោះទេ

បរទេស ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ថា អគ្គលេខាធិកាអង្គការ NATO បានថ្លែងថា សង្គ្រាមរបស់រុស្ស៊ី មកលើអ៊ុយក្រែន នឹងមិនអាចសម្រេចដូចផែនការនោះទេ ហើយថាការប៉ុនប៉ងរបស់ខ្លួន ដើម្បីដណ្តើមយកតំបន់ ដុនបាស (Donbas) ភាគខាងកើត ក៏ “ជាប់គាំង” ដែរ ។
អគ្គលេខាធិការ Jens Stoltenberg ក៏បានថ្លែងថា អ៊ុយក្រែនអាចឈ្នះនៅក្នុងជម្លោះនេះ ។

ក្រសួងការពារជាតិអង់គ្លេស (MoD) បានធ្វើការប៉ាន់ប្រមាណថា រុស្ស៊ី បានបាត់បង់កម្លាំងប្រយុទ្ធជើងគោកប្រហែល១/៣ ចាប់តាំងពីសង្គ្រាម បានចាប់ផ្តើមក្នុងខែកុម្ភៈ ។

ការឈ្លានពានរបស់រុស្ស៊ី ត្រូវបានរារាំងដោយការតស៊ូ របស់អ៊ុយក្រែនយ៉ាងតឹងរឹង និងបញ្ហាភស្តុភារ ។

គោលដៅដំបូងរបស់រុស្ស៊ី ទំនងជាវាយ លុកទូទាំងប្រទេស និងផ្តួលរំលំរដ្ឋាភិបាលអ៊ុយក្រែន ។ តែផ្ទុយទៅវិញ រុស្ស៊ីបានដកខ្លួនចេញពីតំបន់ជុំវិញរដ្ឋធានី គៀវ បន្ទាប់ពីបរាជ័យ ក្នុងការដណ្តើម យករដ្ឋធានីនេះ ហើយចាប់តាំងពីពាក់ កណ្តាលខែមេសា បាននិងកំពុងផ្តោតការខិតខំប្រឹង ប្រែងរបស់ខ្លួនទៅលើ ខេត្តភាគខាងកើតដែលមានទីក្រុងចំនួន២ទៅវិញ ។

នៅក្នុងទីក្រុង Kharkov ដែលជាទីក្រុងទី២ របស់អ៊ុយក្រែន ក្រុមមន្ត្រីបានលើកឡើងថា កងកម្លាំងរុស្ស៊ី បានដកខ្លួនចេញពីព្រំដែន ហើយថា អ្នកស្រុកកំពុងវិលត្រឡប់មកវិញដែរ ។

លោក Stoltenberg បានថ្លែងថា “សង្រ្គាមរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន នឹងមិនអាចទៅរួចដូច ដែលទីក្រុងម៉ូស្គូបានគ្រោងទុកនោះទេ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top