ប្រទេសកូរ៉េខាងជើង កំពុងផ្ទុះឆ្លងវីរុសកូវីដ១៩ ដោយនៅក្នុងនោះ ប្រជាជនស្ទើរតែទួទាំងប្រទេស មិនបានទទួលថ្នាំបង្ការ និងគ្មានថ្នាំសម្រាប់ព្យាបាល អ្នកដែលបានឆ្លង។

នៅដើមឆ្នាំ ២០២០ ប្រទេសអាសុីមួយនេះ បានបិទព្រំដែនរបស់ខ្លួន ដើម្បីព្យាយាមការពារខ្លួន ពីជំងឺរាតត្បាតកូវីដ១៩ ដោយរហូតមកដល់ពេលនេះ លោកគីម ជុងអ៊ុន បានច្រានចោលការគាំទ្រ ផ្នែកវេជ្ជសាស្រ្តពីប្រទេសក្រៅ។ ផ្ទុយទៅវិញ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានផ្តល់យោបល់ឱ្យពលរដ្ឋ ជ្រើសរើសការព្យាបាល បែបបុរាណ ដើម្បីដោះស្រាយជាមួយវីរុសកូវីដ។
សម្រាប់អ្នកដែលបានឆ្លងកូវីដ ហើយមិនមានរោគសញ្ញាធ្ងន់ធ្ងរ កាសែត Rodong Simnun របស់បក្សកាន់អំណាចបានណែនាំ ឱ្យផឹកតែខ្ញី និងតែស្លឹកគ្រៃ។ ភេសជ្ជៈក្តៅអាចជួយសម្រាលរោគសញ្ញា កូវីដ មួយចំនួនដូចជាឈឺបំពង់ក ឬក្អក និងជួយជាតិទឹកនៅពេលដែលអ្នកជំងឺ បាត់បង់ជាតិទឹកច្រើនជាងធម្មតា។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសនេះ បានរាយការណ៍ថា អំបិលរាប់ពាន់តោន ត្រូវបានដឹកបញ្ជូន ទៅកាន់ទីក្រុងព្យុងយ៉ាង ដើម្បីធ្វើជាថ្នាំសម្លាប់មេរោគ។ ការសិក្សាខ្លះបានណែនាំ ឱ្យលាងសម្អាតច្រមុះដោយទឹកអំបិលប្រឆាំងនឹងមេរោគ ដែលបង្កឱ្យកើតជំងឺផ្តាសាយ។ ប៉ុន្តែជាទោះជាយ៉ាងណាក៏ដោយ មានភស្តុតាងតិចតួចណាស់ ដែលមធ្យោបាយទាំងនេះ អាចទប់ស្កាត់ការរីករាលដាល នៃវីរុសកូវីដ១៩៕ Source: Sabay

