ព័ត៌មានអន្តរជាតិ

រុស្ស៊ី បានប្រើប្រាស់អាវុធឡាស៊ែរប្រឆាំងយន្តហោះគ្មានមនុស្សបើក នៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែន

បរទេស៖ ឧបនាយករដ្ឋមន្រ្តីរបស់រុស្ស៊ី លោក Yury Borisov បានអះអាងនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ីបានបង្កើតសមត្ថភាពឡាស៊ែរ ប្រឆាំងយន្តហោះគ្មានមនុស្សបើកដោយខ្លួនឯង ហើយកំពុងប្រើប្រាស់វារួចហើយនៅក្នុងប្រទេសអ៊ុយក្រែន។ លោកបាននិយាយថា វាបាញ់បានចម្ងាយ ៥ គីឡូម៉ែត្រ ហើយត្រូវបានគេដាក់រហស្សនាមថា Zadira ឬ “អ្នកបង្កបញ្ហា” ជាភាសារុស្ស៊ី។ គាត់មិនបានបង្ហាញព័ត៌មានលម្អិតផ្សេងទៀតអំពីឧបករណ៍ថ្មីនេះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ការបញ្ចេញឱ្យដឹងនេះ បានកើតឡើងនៅពេលដែល លោក Borisov កំពុងពិភាក្សាអំពីអាវុធទំនើបដែលកំពុងត្រូវបាន បង្កើតឡើងនៅក្នុងប្រទេសរុស្ស៊ី។ គាត់បានប្រៀបធៀបឧបករណ៍ថ្មីទៅនឹង Peresvet ដែលជាប្រព័ន្ធឡាស៊ែរដែលបានបង្ហាញជាលើកដំបូងដោយប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ក្នុងឆ្នាំ 2018 ដែលជាគោលបំណងពិតប្រាកដ ដែលមិនត្រូវបានពន្យល់នៅពេលនោះ។

មន្ត្រីរូបនេះបានបញ្ជាក់ថា Peresvet ត្រូវបានរចនាឡើងដើម្បីបិទឧបករណ៍ចាប់សញ្ញាអុបទិក រួមទាំងនៅលើផ្កាយរណបចារកម្មដែលធ្វើដំណើរជុំវិញផែនដី ដែលមានកម្ពស់រហូតដល់ 1 500 គីឡូម៉ែត្រ។

នៅពេលសួរអំពីការកំណត់ពេលវេលាសម្រាប់យោធារុស្ស៊ីក្នុងការទទួលបានប្រព័ន្ធបែបនេះ លោក Borisov បាននិយាយថា ពួកគេកំពុងត្រូវបានផ្គត់ផ្គង់រួចហើយ។ នៅពេលត្រូវបានសួរបន្ថែមថា តើឡាស៊ែរប្រឆាំងយន្តហោះគ្មានមនុស្សបើកត្រូវបានដាក់ពង្រាយនៅក្នុងយុទ្ធនាការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែនដែរឬទេ រដ្ឋមន្ត្រីបានទទួលស្គាល់ថា “គំរូដំបូងត្រូវបានប្រើប្រាស់” នៅទីនោះ រួចហើយ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top