សេអ៊ូល៖ អ្នកជំនាញកូរ៉េខាងត្បូង បានឲ្យដឹងថា សម្ព័ន្ធភាពពង្រឹងរវាងកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន នឹងធ្វើឱ្យខូចដល់សន្តិភាព និងស្ថិរភាព នៅក្នុងតំបន់អាស៊ីឦសាន និងឈានទៅរកសង្រ្គាមត្រជាក់ថ្មីមួយ។
ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារ បានបញ្ចប់ដំណើរទស្សនកិច្ច នៅអាស៊ី លើកដំបូងរបស់លោក ចាប់តាំងពីលោកចូលកាន់តំណែង កាលពីឆ្នាំមុន។ លោក Woo Su-keun នាយកវិទ្យាស្ថានសិក្សាអាស៊ីបូព៌ា នៃប្រទេសកូរ៉េបានប្រាប់ស៊ិនហួថា “នៅក្នុងទំនាក់ទំនងអន្តរជាតិ សម្ព័ន្ធភាពចាំបាច់តម្រូវឱ្យមាន ប្រទេសជាសត្រូវរួម… សហរដ្ឋអាមេរិក មើលឃើញថា ប្រទេសចិនជាគូប្រជែង និងសត្រូវដ៏ធំបំផុតរបស់ខ្លួន។
លោក Woo បានលើកឡើងថា សម្ព័ន្ធភាព កូរ៉េខាងត្បូង-អាមេរិក-ជប៉ុន ដែលពង្រឹងនឹង “បំផ្លាញសន្តិភាព និងស្ថិរភាពនៅអាស៊ីឦសាន” ដោយបន្ថែមថា ទង្វើនេះបានធ្វើឱ្យប៉ះពាល់ ដល់សង្គ្រាមត្រជាក់ ដែលនាំឱ្យឈានទៅដល់ “ដំណើរថយក្រោយ នៃប្រវត្តិសាស្ត្រ” ។
អ្នកជំនាញរូបនេះ បានកត់សម្គាល់ថា វាមិនស្ថិតក្នុងផលប្រយោជន៍ជាតិ របស់កូរ៉េខាងត្បូង ក្នុងការប្រឆាំងនឹងប្រទេសចិននោះទេ ដោយសារសារៈសំខាន់ ដែលក្រោយមកទទួលបាន សម្រាប់សន្តិសុខសេដ្ឋកិច្ចរបស់ខ្លួន។
លោក Woo បានបន្ដថា “ជាមួយនឹងការបញ្ចប់ នៃយុគសម័យមនោគមវិជ្ជា និងការមកដល់នៃសង្គមពិភពលោក គ្មានប្រទេសណាដែលមានសត្រូវទៀតទេ នៅក្នុងសហគមន៍អន្តរជាតិ” ។
លោក Woo បានកត់សម្គាល់ថា ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសមួយចំនួន នៅតែបន្តប្រឆាំងចិន ដើម្បីបង្កើតឱកាសសម្រាប់ជម្លោះ និងការប្រឈមមុខដាក់គ្នា៕ ប្រែសម្រួល ឈូក បូរ៉ា