ព័ត៌មានអន្តរជាតិ

អាមេរិក ប្រកាសកញ្ចប់ជំនួយ ៧០០លានដុល្លារ ព្រមទាំងប្រព័ន្ធរ៉ុក្កែតទំនើប ទៅឲ្យអ៊ុយក្រែន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃពុធបានប្រកាសកញ្ចប់ ជំនួយសន្តិសុខថ្មី ចំនួន ៧០០លានដុល្លារ សម្រាប់អ៊ុយក្រែន រួមទាំងប្រព័ន្ធរ៉ុក្កែតទំនើបបន្ថែមទៀត ដើម្បីប្រឈមមុខ នឹងការបន្ដឈ្លានពានរបស់រុស្ស៊ី ប្រឆាំងនឹងប្រទេសជិតខាងរបស់ខ្លួន។

វិធានការនេះនឹងនាំមកនូវ ជំនួយយោធាសរុប របស់សហរដ្ឋអាមេរិក ដល់អ៊ុយក្រែនដល់ទៅប្រមាណ ៤,៦ ពាន់លានដុល្លារ ចាប់តាំងពីប្រទេសរុស្ស៊ី បានចាប់ផ្តើមការឈ្លានពានរបស់ខ្លួន កាលពីថ្ងៃទី២៤ ខែកុម្ភៈ នេះបើយោងតាមរដ្ឋាភិបាល សហរដ្ឋអាមេរិក។

កញ្ចប់នេះរួមមានប្រព័ន្ធគ្រាប់រ៉ុក្កែត កាំភ្លើងធំចល័តខ្ពស់ ដែលនឹងអាចឱ្យយោធាអ៊ុយក្រែន វាយប្រហារគោលដៅនៅចម្ងាយប្រហែល ៨០គីឡូម៉ែត្រ។ យោងតាមមន្ទីរបញ្ចកោណបានឱ្យដឹងថា ប្រព័ន្ធចំនួនបួននឹងត្រូវបានផ្តល់ជូន រួមជាមួយនឹងគ្រាប់រំសេវដំបូង ទៅកាន់អ៊ុយក្រែន។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានឲ្យដឹងថា អ៊ុយក្រែន បានផ្តល់ “ការធានាថា ពួកគេនឹងមិនប្រើប្រព័ន្ធទាំងនេះ ប្រឆាំងនឹងគោលដៅនៅលើទឹកដីរុស្ស៊ី” ដោយឆ្លុះបញ្ចាំងពីចេតនា របស់សហរដ្ឋអាមេរិក ក្នុងការមិនស្វែងរក ការធ្វើឱ្យជម្លោះកាន់តែកើនឡើង។

លោក Colin Kahl អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ សម្រាប់គោលនយោបាយ បានប្រាប់អ្នកយកព័ត៌មានថា ការធានាត្រូវបានផ្តល់ឱ្យក្នុង “កម្រិតជាច្រើន” នៃរដ្ឋាភិបាលអ៊ុយក្រែន រួមទាំងដោយប្រធានាធិបតី Volodymyr Zelenskyy ៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top