យេរ៉ូសាឡឹម ៖ សាកលវិទ្យាល័យ Tel Aviv (TAU) បានឲ្យដឹងកាលពីថ្ងៃចន្ទថា ក្រុមអ្នកស្រាវជ្រាវ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបង្កើតការព្យាបាល ដោយចាក់ថ្នាំ សម្រាប់មេរោគអេដស៍ ដោយប្រើវិស្វកម្មហ្សែននៃអង្គ បដិប្រាណនៅក្នុងខ្លួន។
ការព្យាបាលថ្មីនេះ អាចនឹងត្រូវបានបង្កើត ទៅជាវ៉ាក់សាំង ឬការព្យាបាលតែម្តង សម្រាប់អ្នកជំងឺ ដែលមានផ្ទុកមេរោគអេដស៍ នេះបើយោងតាម TAU ។
នៅក្នុងការសិក្សាមួយ ដែលត្រូវបានចេញផ្សាយ នៅក្នុងទស្សនាវដ្តី Nature Biotechnology អ្នកស្រាវជ្រាវ TAU និងសហការីរបស់ពួកគេ បានបង្កើតកោសិកាឈាមសប្រភេទ B ដើម្បីជួយនូវអង្គបដិប្រាណ មេរោគអេដស៍ក្នុងការឆ្លើយតប ទៅនឹងមេរោគ។
ផ្ទុយទៅនឹងវិធីសាស្ត្រហ្សែនទូទៅ ដែលកោសិកាត្រូវបានកែច្នៃ នៅខាងក្រៅរាងកាយ ក្រុមការងារបានធ្វើវិស្វកម្មកោសិកា B នៅក្នុងខ្លួនរបស់សត្វកណ្តុរ ហើយបានពណ៌នាអំពីវិធីសាស្ត្រថ្មីនេះថាលឿន មានប្រសិទ្ធភាព សន្សំសំចៃ និងសុវត្ថិភាព ។
អ្នកស្រាវជ្រាវ TAU Adi Barzel ពន្យល់ថា “នៅពេលដែលកោសិកា B ដែលត្រូវបានវិស្វកម្ម ជួបប្រទះនឹងមេរោគ វាជំរុញ និងលើកទឹកចិត្តឱ្យ ពួកគេបែងចែក ដូច្នេះយើងកំពុងប្រើប្រាស់មូលហេតុ នៃជំងឺនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងវា” ។
លោកបានបន្ថែមថា “លើសពីនេះ ប្រសិនបើមេរោគមានការ ផ្លាស់ប្តូរ កោសិកា B ក៏នឹងផ្លាស់ប្តូរទៅតាមនោះផងដែរ ដើម្បីប្រយុទ្ធប្រឆាំងនឹងវា ដូច្នេះហើយយើងបានបង្កើតថ្នាំដំបូង ដែលមិនធ្លាប់មាន ដែលអាចវិវត្តនៅក្នុងខ្លួន និងកម្ចាត់មេរោគនេះ៕
ប្រែសម្រួល ឈូក បូរ៉ា