វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន Boeing បានប្រកាសកាលពីថ្ងៃច័ន្ទ នូវភាពជាដៃគូថ្មី ជាមួយ Commonwealth of Virginia និង Virginia Tech ដើម្បីបង្កើតមជ្ឈមណ្ឌល Boeing សម្រាប់ការផ្លាស់ប្តូរ អតីតយុទ្ធជន និងគ្រួសារយោធា ។
មជ្ឈមណ្ឌលដែលមានទីតាំងនៅ Virginia Tech’s Innovation Campus នៅ Alexandria រដ្ឋ Virginia នឹង ផ្តល់ធនធានការងារ និងឱកាសការងារឈានមុខ សម្រាប់អតីតយុទ្ធជន ក៏ដូចជាការគាំទ្រ សម្រាប់គ្រួសារយោធា ក្នុងអំឡុងពេលការផ្លាស់ប្តូរ ទៅកាន់ជីវិតស៊ីវិល។

លោក Dave Calhoun ប្រធាន និងជានាយកប្រតិបត្តិ របស់ក្រុមហ៊ុន Boeing បានឲ្យដឹងថា “គំនិតផ្តួចផ្តើមនេះ នឹងបើកឱកាសការងារថ្មី សម្រាប់អតីតយុទ្ធជន និងក្រុមគ្រួសារ របស់ពួកគេ និងជួយអភិវឌ្ឍទេពកោសល្យបច្ចេកទេស ឈានមុខគេ ខណៈដែលការបញ្ជាក់ ពីការវិនិយោគបន្តរបស់យើង នៅភាគខាងជើងនៃរដ្ឋ Virginia” ។
អភិបាលរដ្ឋ Virginia លោក Glenn Youngkin បានលើកឡើងថា “ការប្រកាសនាពេលថ្មីៗនេះ របស់ក្រុមហ៊ុន Boeing ដើម្បីផ្លាស់ប្តូរទីស្នាក់ការកណ្តាល របស់ខ្លួនទៅកាន់រដ្ឋ Virginia និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញា ចិត្តរបស់ខ្លួនក្នុងការកសាង ទេពកោសល្យ បច្ចេកវិទ្យាជំនាន់ក្រោយ គឺជាការអភិវឌ្ឍន៍ទាន់ ពេលវេលាសម្រាប់ Commonwealth ហើយត្រូវបានធ្វើឱ្យកាន់តែរំភើបដោយភាពជាដៃ គូដ៏ទូលំទូលាយ របស់ពួកគេជាមួយ Virginia Tech”៕
ប្រែសម្រួល ឈូក បូរ៉ា
