អូតាវ៉ា ៖ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានប្រកាសនៅក្នុងសារកាលពីថ្ងៃចន្ទថា លោកបានធ្វើតេស្តវិជ្ជមានម្តងទៀត សម្រាប់កូវីដ-១៩ ដែលនេះជាការឆ្លងលើកទី២ ហើយសម្រាប់រូបលោក ។

លោក Trudeau បានលើកឡើងថា លោកនឹងធ្វើតាមការណែនាំ សុខភាពសាធារណៈ និងដាក់ឱ្យនៅដាច់ដោយឡែក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
លោកបានឲ្យដឹងថា “ខ្ញុំមានអារម្មណ៍មិនអីទេ ប៉ុន្តែនោះដោយសារតែខ្ញុំបានចាក់វ៉ាក់សាំង ។ ដូច្នេះប្រសិនបើអ្នកមិន ទាន់បានចាក់វ៉ាក់សាំង ហើយប្រសិនបើអ្នកអាចធ្វើបាន ចូរបង្កើនការការពារប្រព័ន្ធថែទាំសុខភាព របស់យើង គ្នាទៅវិញទៅមក និងខ្លួនយើង” ។
កាលពីសប្តាហ៍មុនលោក Trudeau បានធ្វើដំណើរទៅកាន់ទីក្រុង Los Angeles សហរដ្ឋអាមេរិក សម្រាប់កិច្ចប្រជុំកំពូលនៃទ្វីបអាមេរិក ដោយបានជួបជាមួយមន្ត្រីកំពូលៗមួយចំនួន រួមទាំងប្រធានាធិបតី សហរដ្ឋអាមេរិក Joe Biden ផងដែរ។
យោងតាមគេហទំព័រផ្លូវការ របស់នាយករដ្ឋមន្ត្រី លោក Trudeau បានត្រលប់មកតំបន់រដ្ឋធានីជាតិវិញ សម្រាប់បញ្ហាផ្ទាល់ខ្លួនកាលពីថ្ងៃអាទិត្យ ហើយកាលពីមុនបានកំណត់ពេល សម្រាប់កិច្ចប្រជុំឯកជននៅថ្ងៃចន្ទ៕
ប្រែសម្រួល ឈូក បូរ៉ា
