បរទេស៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃអាទិត្យថា សម្ព័ន្ធភាពដឹកនាំដោយសហរដ្ឋអាមេរិក មានគោលបំណងពង្រឹង ជំហររបស់អ៊ុយក្រែន នៅក្នុងតុចរចា ប៉ុន្តែបានបន្ថែមថា កិច្ចព្រមព្រៀងសន្តិភាពណាមួយនឹងពាក់ព័ន្ធនឹងការសម្របសម្រួល រួមទាំងទឹកដីផងដែរ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Stoltenberg បាននិយាយនៅក្នុងកិច្ចពិភាក្សា Kultaranta ក្នុងប្រទេសហ្វាំងឡង់ បន្ទាប់ពីកិច្ចប្រជុំជាមួយ ប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinisto ។ ខណៈពេលដែល ប្រធានអង្គការណាតូបាននិយាយថា លោកខាងលិចមានឆន្ទៈ “បង់តម្លៃ” ដើម្បីពង្រឹងយោធាអ៊ុយក្រែន នោះរដ្ឋាភិបាលទីក្រុងគៀវ នឹងត្រូវធ្វើសម្បទានទឹកដីមួយចំនួន ដល់ទីក្រុងម៉ូស្គូ ដើម្បីបញ្ចប់ជម្លោះនាពេលបច្ចុប្បន្ន។
លោកបានថ្លែងថា «សន្តិភាពគឺអាចទៅរួច។ “សំណួរតែមួយគត់គឺ តើអ្នកសុខចិត្តចំណាយ ដើម្បីសន្តិភាពតម្លៃប៉ុន្មាន? តើទឹកដីប៉ុណ្ណា ឯករាជ្យប៉ុណ្ណា បូរណភាពប៉ុណ្ណា…តើអ្នកសុខចិត្តលះបង់វាដើម្បីសន្តិភាពដែរឬទេ?
លោក Stoltenberg មិនបានផ្តល់យោបល់ថា តើលក្ខខណ្ឌណាដែលអ៊ុយក្រែន គួរទទួលយកនោះទេ ដោយនិយាយថា “វាគឺសម្រាប់អ្នកដែលកំពុងចំណាយតម្លៃខ្ពស់បំផុត ដើម្បីធ្វើការវិនិច្ឆ័យ” ខណៈដែល NATO និងលោកខាងលិចបន្តផ្គត់ផ្គង់អាវុធ ដល់អ៊ុយក្រែនដើម្បី “ពង្រឹងដៃរបស់ពួកគេ” នៅពេលដែលដំណោះស្រាយមួយ ត្រូវបានបញ្ចប់ដោយការចរចា៕ ប្រែសម្រួលៈ ណៃ តុលា