ព័ត៌មានអន្តរជាតិ

ប្រទេសអ៊ីរ៉ង់ បាញ់បង្ហោះ គ្រាប់រ៉ុក្កែត ទៅក្នុងលំហ ខណៈការចរចា នុយក្លេអ៊ែរត្រូវបន្ត

អ៊ីរ៉ង់ ៖ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអាទិត្យថា ទីក្រុងតេអេរ៉ង់ បានបាញ់បង្ហោះគ្រាប់រ៉ុក្កែតឥន្ធនៈ រឹងទៅកាន់លំហ ដោយទាញការ ស្តីបន្ទោសពីទីក្រុងវ៉ាស៊ីនតោន មុនពេលការបន្តការចរចា ជាប់គាំងលើកិច្ចព្រមព្រៀង នុយក្លេអ៊ែរ របស់ទីក្រុងតេអេរ៉ង់ ជាមួយមហាអំណាចពិភពលោក យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

វាមិនច្បាស់ថា នៅពេលណា ឬកន្លែងណាគ្រាប់រ៉ុក្កែត ត្រូវបានបាញ់បង្ហោះ ប៉ុន្តែការប្រកាសនេះ បានកើតឡើងបន្ទាប់ពីរូបថត ផ្កាយរណប បង្ហាញពីការត្រៀមរៀបចំ នៅកំពង់ផែ Imam Khomeini ខេត្ត Semnan ជនបទ នៃប្រទេសអ៊ីរ៉ង់ ជាទីតាំងនៃការបរាជ័យជាញឹកញាប់ របស់អ៊ីរ៉ង់សម្រាប់ដាក់ ផ្កាយរណបទៅក្នុងគន្លង ។

ប្រព័ន្ធផ្សព្វផ្សាយ ដែលគ្រប់គ្រង ដោយរដ្ឋបានចាក់ផ្សាយវីដេអូ ដ៏គួរឲ្យភ្ញាក់ផ្អើល នៃការផ្ទុះឡើងប្រឆាំង នឹងផ្ទៃខាងក្រោយនៃភាពតានតឹង កាន់តែខ្លាំងឡើង លើកម្មវិធីនុយក្លេអ៊ែរ របស់ទីក្រុងតេអេរ៉ង់ កំពុងដំណើរការទៅមុខក្រោម ការត្រួតពិនិត្យ អន្តរជាតិថយចុះ ។ កន្លងមក អ៊ីរ៉ង់បានទទួលស្គាល់ថា ខ្លួនគ្រោងនឹងធ្វើការសាកល្បងបន្ថែមទៀត សម្រាប់រ៉ុក្កែតដឹកផ្កាយរណប វាបានបាញ់បង្ហោះជាលើកដំបូងកាលពីខែកុម្ភៈឆ្នាំមុន។
លោក Ahmad Hosseini អ្នកនាំពាក្យ ក្រសួងការពារជាតិអ៊ីរ៉ង់ បាននិយាយថា រ៉ុក្កែត Zuljanah មានប្រវែង ២៥.៥ ម៉ែត្រ មានសមត្ថភាព ផ្ទុកផ្កាយរណបទម្ងន់ ២២០គីឡូក្រាម ទីបំផុត នឹងប្រមូលទិន្នន័យ នៅក្នុងគន្លងផែនដីទាប និងលើកកម្ពស់ឧស្សាហកម្ម អវកាសរបស់អ៊ីរ៉ង់។ Zuljanah ត្រូវបានដាក់ឈ្មោះតាមសេះរបស់ Imam Hussein ជាចៅប្រុសរបស់ព្យាការី Muhammad ។

សេតវិមានបាននិយាយថា ខ្លួនបានដឹងអំពីការប្រកាសរបស់ប្រទេសអ៊ីរ៉ង់ ហើយបានរិះគន់ចំណាត់ការនេះថាជា “មិនមានប្រយោជន៍ និងអស្ថិរភាព”។ ការបាញ់បង្ហោះនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីប្រធានគោល នយោបាយការបរទេស របស់សហភាពអឺរ៉ុប លោក Josep Borrell បានធ្វើដំណើរ ទៅកាន់ទីក្រុង Tehran ក្នុងការជំរុញឲ្យមាន ការចរចាឡើងវិញ អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ បានជាប់គាំងអស់ជាច្រើនខែ៕ដោយ៖លី ភីលីព

Most Popular

To Top