មេដឹកនាំចិនលោក Xi Jinping បានទៅដល់ទីក្រុងហុងកុងសម្រាប់ថ្ងៃទី២នៃព្រឹត្តិការណ៍ប្រារព្ធខួបលើកទី ២៥ឆ្នាំនៃការប្រគល់ទីក្រុងនេះពីអង់គ្លេសឱ្យទៅចិន និងការស្បថចូលកាន់តំណែងរបស់មេដឹកនាំថ្មីដែលត្រូវបានតែងតាំងដោយទីក្រុងប៉េកាំង ដែលជាអតីតប្រធានសន្តិសុខ និងជាមន្ត្រីប៉ូលីស John Lee ។
ក្បួនម៉ូតូរបស់លោក Xi ត្រូវបានគេមើលឃើញ បន្ទាប់ពីបានឆ្លងកាត់ព្រំដែនទីក្រុងជាមួយប្រទេសចិនដីគោក។ មេដឹកនាំចិនរូបនេះ ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងការស្បថចូលកាន់តំណែងរបស់លោក John Lee និងការធ្វើសុន្ទរកថាផងដែរ។
វិធានការសន្តិសុខតឹងតែងសម្រាប់ដំណើរទស្សនកិច្ចរបស់លោក Xi រួមមានវត្តមានប៉ូលិស ការបិទផ្លូវ និងការហាមប្រាមប្រើប្រាស់ដ្រូន។ ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហុងកុងនេះ គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Xi នៅក្រៅប្រទេសចិន ចាប់តាំងពីមានការផ្ទុះឆ្លងនៃជំងឺរាតត្បាតកូវីដ១៩ ៕ Source: Sabay



