ព័ត៌មានអន្តរជាតិ

អង់គ្លេស នឹងមិនដាក់ពង្រាយ នាវាចម្បាំង ទៅកាន់សមុទ្រខ្មៅ ដើម្បីជួយដល់ការដឹក ជញ្ជូនគ្រាប់ធញ្ញជាតិ របស់អ៊ុយក្រែននោះទេ

បរទេស ៖ នាយករដ្ឋមន្ត្រី គឺលោក Boris Johnson បាននិយាយថា ចក្រភពអង់គ្លេស នឹងមិនដាក់ពង្រាយនាវាចម្បាំង ទៅកាន់សមុទ្រខ្មៅ ដើម្បីជួយដល់ការដឹកជញ្ជូន គ្រាប់ធញ្ញជាតិ របស់អ៊ុយក្រែននោះទេ ។ ការនាំចេញពីប្រទេស អ៊ុយក្រែន ដែលជាអ្នកនាំចេញគ្រាប់ធញ្ញជាតិ ធំមួយត្រូវបានរំខានបន្ទាប់ពីការ វាយលុករបស់រុស្ស៊ី ប្រឆាំងនឹងប្រទេសនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងសភា កាលពីថ្ងៃចន្ទ លោក Johnson ត្រូវបានសួរឱ្យបញ្ជាក់ថា តើលោកកំពុងសម្លឹងមើលការរំលោភ លើអនុសញ្ញា Montreux ដែលជាកិច្ចព្រមព្រៀង អន្តរជាតិឆ្នាំ ១៩៣៦ ដែលអនុញ្ញាតឱ្យប្រទេសតួកគី រារាំងការចូលទៅកាន់សមុទ្រខ្មៅ សម្រាប់នាវាចម្បាំងពីខាងក្រៅតំបន់ ។

លោក Boris Johnson បានឆ្លើយថា «ទេ យើងមិនមើលនោះទេ។ មានដំណោះស្រាយជំនួស គឺមិនពាក់ព័ន្ធនឹងវត្តមានរបស់ចក្រភពអង់គ្លេស ឬនាវាចម្បាំងផ្សេងទៀតនៅក្នុងសមុទ្រខ្មៅ”។ យ៉ាងណាក៏ដោយ លោក Boris Johnson បានផ្តល់យោបល់ថា ទន្លេ Danube និងទន្លេផ្សេងទៀត ក៏ដូចជាការដឹកជញ្ជូនតាមផ្លូវដែក អាចត្រូវបានប្រើដើម្បីដឹកជញ្ជូនគ្រាប់ធញ្ញជាតិ ចេញពីអ៊ុយក្រែនបាន។

នាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ បាននិយាយថា វិធីសាស្រ្តទាំងនេះអាចជួយ “ទទួលបានគ្រាប់ធញ្ញជាតិក្នុងបរិមាណតិច” ផ្ទុយពីការរៀបចំក្បួន ដង្ហែតាមសមុទ្រ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top