ព័ត៌មានអន្តរជាតិ

១០ថ្ងៃកន្លងមកនេះ ទាហានស៊ីឈ្នួលបរទេស ១៧០នាក់ ត្រូវបានសម្លាប់, ៩៩ នាក់ បានបដិសេធចូលរួម ក្នុងការប្រយុទ្ធ និងចាកចេញពីទឹកដី នៃអ៊ុយក្រែន

បរទេស ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បាននិយាយ កាលពីថ្ងៃអង្គារថា ទាហានស៊ីឈ្នួលបរទេស ជាច្រើននាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែន ក្នុងរយៈពេលដប់ថ្ងៃកន្លងមកនេះ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងកិច្ចប្រជុំ របស់ក្រសួង លោក Shoigu បាននិយាយថា “ជាលទ្ធផល នៃការវាយលុកប្រកបដោយជោគជ័យ” ដោយកង កម្លាំងសាធារណៈរដ្ឋ Donbass និងរុស្ស៊ី “ចំនួនទាហាន ស៊ីឈ្នួលបរទេស និងបុគ្គលិក នៃក្រុមហ៊ុនយោធាឯកជន ដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេសបានថយចុះ” ។

លោកបាននិយាយថា “ក្នុងរយៈពេល 10 ថ្ងៃកន្លងមកនេះ ទាហានស៊ីឈ្នួលបរទេស 170 នាក់ត្រូវបានសម្លាប់, 99 នាក់បានបដិសេធចូលរួមក្នុងការប្រយុទ្ធ និងចាកចេញពីទឹកដី នៃប្រទេសអ៊ុយក្រែន” ។

កាលពីព្រឹកថ្ងៃអង្គារ លោក Damien Magrou អ្នកនាំពាក្យសម្រាប់ កងពលអន្តរជាតិការពារដែនដី អ៊ុយក្រែន ដែលជាអង្គភាពយោធាបរទេស ដែលបង្កើតឡើងកាលពីចុងខែកុម្ភៈ ដោយរដ្ឋាភិបាលអ៊ុយក្រែន តាមសំណើរបស់ប្រធានាធិបតី Volodymyr Zelensky បានបញ្ជាក់ថា អ្នកចម្បាំងជនជាតិបារាំងម្នាក់ មានឈ្មោះថា Adrien D. ត្រូវបានសម្លាប់នៅក្នុងតំបន់ Kharkov ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top