បរទេស ៖ រដ្ឋាភិបាលទីក្រុងគៀវ បានប្រតិកម្មយ៉ាងខឹងសម្បារ ចំពោះការអំពាវនាវ ដែលបញ្ចេញដោយសមាជិក សភាអាមេរិក លោកស្រី Victoria Spartz (R-Ind) ដែលឱ្យ “បង្កើតការត្រួតពិនិត្យត្រឹមត្រូវ” ជុំវិញការផ្តល់អាវុធ និងជំនួយដល់អ៊ុយក្រែន ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី10 ខែកក្កដា ឆ្នាំ2022 បានឱ្យដឹង ដោយផ្អែក តាមការលើកឡើង របស់អ្នកនាំពាក្យ ក្រសួងការបរទេស អ៊ុយក្រែន លោក Oleg Nikolenko កាលពីថ្ងៃសៅរ៍ថា គំនិតនេះ គឺស្មើនឹងការប៉ុនប៉ងដើម្បី “បំផ្លាញ” យន្តការដែលមានស្រាប់ នៃការផ្តល់ជំនួយ ដល់អ៊ុយក្រែន ចំពេលមានជម្លោះ ដែលកំពុងបន្តជាមួយរុស្ស៊ី ។
លោក Nikolenko បានកត់សម្គាល់ នៅក្នុងការ បង្ហោះហ្វេសប៊ុកថា ជំហររបស់លោកស្រី Sparta គឺគួរឱ្យស្អប់ខ្ពើម ជាពិសេសដោយសារប្រភពដើម អ៊ុយក្រែន នៃសមាជិកសភា ។
អ្នកនាំពាក្យរូបនេះ បានអះអាងថា “សមាជិកសភា គួរតែបញ្ឈប់ការធ្វើឱ្យខូច ដល់យន្តការ ដែលមានស្រាប់ នៃជំនួយយោធា របស់សហរដ្ឋអាមេរិក ដល់អ៊ុយក្រែន ។ ភាគីអ៊ុយក្រែនកំពុងធ្វើអន្តរកម្ម ជាមួយដៃគូ អាមេរិក ជាមួយនឹងការបើកចំហ ជាអតិបរមា ដោយផ្តល់ ឱ្យពួកគេនូវព័ត៌មាន ពេញលេញអំពីការ ប្រើប្រាស់បច្ចេកវិទ្យា” ដោយអះអាងថា “ការិយាធិបតេយ្យបន្ថែមទៀត” នៃដំណើរការនេះ នឹងជួយដល់ទីក្រុងម៉ូស្គូតែប៉ុណ្ណោះ៕
ប្រែសម្រួលៈ ណៃ តុលា