វ៉ាស៊ីនតោន៖ លោក Andriy Yermak ប្រធានការិយាល័យប្រធានាធិបតី អ៊ុយក្រែន បានឲ្យដឹងថា សហរដ្ឋអាមេរិក អាចនឹងបណ្តុះបណ្តាល អ្នកបើកយន្តហោះអ៊ុយក្រែន នៅលើយន្តហោះចម្បាំង F-15 និង F-16 ។
លោក Yermak បានសរសេរ នៅលើបណ្ដាញ Telegram ឲ្យដឹងថា សភាតំណាងសហរដ្ឋអាមេរិក បានអនុម័តវិសោធនកម្ម ថវិកាការពារជាតិ របស់សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ សារពើពន្ធ២០២៣ ដែលនឹងអនុញ្ញាត ឱ្យចាប់ផ្តើមការបណ្តុះបណ្តាល អ្នកបើកយន្តហោះអ៊ុយក្រែន លើយន្តហោះ F-15 និង F-16 ។

លោក Yermak បានលើកឡើងថា កម្មវិធីបណ្តុះបណ្តាល សម្រាប់អ្នកបើកយន្តហោះអ៊ុយក្រែននឹងចំណាយប្រាក់ ១០០លានដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
នៅព្រឹកថ្ងៃដដែល ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំនៅសហរដ្ឋអាមេរិក Oksana Markarova បាននិយាយថា ច្បាប់ថវិកាការពារជាតិ អាមេរិក សម្រាប់ឆ្នាំ២០២៣ គ្រោងនឹងបែងចែកជំនួយសន្តិសុខ អ៊ុយក្រែនចំនួន ១ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធឆ្នាំ២០២៣ ដែលដំណើរការរវាងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ។

គួរបញ្ជាក់ថា ដើម្បីចូលជាធរមាន សេចក្តីព្រាងច្បាប់នេះ ត្រូវតែអនុម័តដោយព្រឹទ្ធសភាសហរដ្ឋអាមេរិក និងចុះហត្ថលេខាដោយ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន៕
ប្រែសម្រួល ឈូក បូរ៉ា
