ម៉ាឌ្រីត៖ វិទ្យាស្ថានសុខភាព Carlos III ដែលរាយការណ៍ទៅក្រសួងសុខាភិបាលអេស្ប៉ាញបានឲ្យដឹងថា មនុស្សចំនួន ៨៤នាក់ត្រូវបានគេដឹងថា បានស្លាប់ដោយសាររលកកំដៅ ដែលបានវាយប្រហារប្រទេសអេស្ប៉ាញ ចាប់តាំងពីថ្ងៃទី១០ ខែកក្កដា។
ការស្លាប់ទាំងអស់ដែលត្រូវបាន រាយការណ៍កាលពីថ្ងៃទី១០-១២ ខែកក្កដា អាចត្រូវបានសន្មតថា ដោយសារកំដៅដ៏ក្តៅគគុកលើសពី ៤០ អង្សាសេនៅក្នុងផ្នែកធំនៃប្រទេស។ សីតុណ្ហភាពបានកើនឡើងលើសពី ៤៥ អង្សាសេ នៅភាគខាងត្បូង និងនិរតីនៃប្រទេសនេះ។
រលកកំដៅត្រូវបានគេព្យាករណ៍ថា នឹងបន្តដល់សប្តាហ៍ក្រោយ ហើយចំនួនអ្នកស្លាប់ត្រូវបានគេភ័យខ្លាចថា នឹងកើនឡើងបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នេះជារលកកម្ដៅដ៏ធំទីពីរក្នុងឆ្នាំ នៅក្នុងប្រទេសអេស្ប៉ាញ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ការលើកទីមួយបានបន្តពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមិថុនា ហើយបានឆក់យកជីវិតមនុស្ស ៨២៩ នាក់នៅទូទាំងប្រទេស ដែលកាលនោះ សីតុណ្ហភាពឡើងដល់ ៤៤.៥ អង្សាសេ។
គួរបញ្ជាក់ថា អាជ្ញាធរអេស្ប៉ាញ បានណែនាំឲ្យប្រជាពលរដ្ឋញ៉ាំទឹកឲ្យបានច្រើន ចៀសវាងការហាត់ប្រាណច្រើនពេក និងនៅក្នុងផ្ទះឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន៕
ប្រែសម្រួល ឈូក បូរ៉ា

