ម៉ាទ្រីដ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃអាទិត្យ ក្រុមអ្នកពន្លត់អគ្គីភ័យ បានប្រយុទ្ធដើម្បីទប់ទល់នឹងភ្លើងឆេះព្រៃ ដែលកំពុងរាលដាល ពាសពេញភាគនិរតីនៃទ្វីបអឺរ៉ុប ខណៈដែលរលកកម្តៅបានបង្ហាញពីសញ្ញានៃការថមថយ ដោយចក្រភពអង់គ្លេសបានត្រៀមរៀបចំ កំណត់ត្រាសីតុណ្ហភាពថ្មីនៅសប្តាហ៍ខាងមុខនេះ ។
ភ្លើងឆេះយ៉ាងសន្ធោសន្ធៅកើតឡើងក្នុងប្រទេសបារាំង ក្រិច ព័រទុយហ្គាល់ និងអេស្បាញ បានបំផ្លាញផ្ទៃដីរាប់ពាន់ហិកតា បង្ខំឱ្យអ្នកស្រុក និងអ្នកសម្រាកលំហែកាយរាប់ពាន់នាក់ភៀសខ្លួន និងសម្លាប់បុគ្គលិកសង្គ្រោះបន្ទាន់ជាច្រើននាក់គិតចាប់តាំងពីសប្តាហ៍មុន ។
គួរបញ្ជាក់ថា វាជារលកកំដៅទី២ ដែលបានវាយលុកផ្នែកខ្លះនៃអឺរ៉ុបភាគនិរតីក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ។ អ្នកវិទ្យាសាស្ត្របានស្តីបន្ទោសលើការប្រែប្រួលអាកាសធាតុ និងព្យាករណ៍ពីវគ្គញឹកញាប់ និងខ្លាំងនៃអាកាសធាតុខ្លាំង ដូចជារលកកម្តៅ និងគ្រោះរាំងស្ងួត ។
ស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅក្នុងតំបន់ Gironde ភាគនិរតីនៃប្រទេសបារាំង ដែលជាកន្លែងដែលក្រុមអ្នកពន្លត់អគ្គីភ័យកំពុងប្រយុទ្ធដើម្បីគ្រប់គ្រងភ្លើងឆេះព្រៃដែលបានលេបត្របាក់ផ្ទៃដីជិត១១.០០០ហិកតាចាប់តាំងពីថ្ងៃអង្គារ ។
ភ្លើងឆេះព្រៃបានបង្ខំមនុស្សជាង១៦.០០០នាក់ អ្នកស្រុក និងអ្នកទេសចររួមបញ្ចូលគ្នា បានផ្លាស់ប្តូរទីលំនៅ ។ ជម្រកសង្គ្រោះបន្ទាន់ចំនួន៧ត្រូវបានបង្កើតឡើងសម្រាប់អ្នកជម្លៀសខ្លួន ។
ក្រសួងមហាផ្ទៃរបស់ប្រទេសបារាំងបានប្រកាសថា ខ្លួននឹងបញ្ជូនយន្តហោះពន្លត់អគ្គីភ័យចំនួន៣គ្រឿងបន្ថែម អ្នកពន្លត់អគ្គីភ័យចំនួន២០០នាក់ និងរថយន្តដឹកទំនិញជាច្រើនទៀត ។
ឧតុនិយមបារាំង បានព្យាករណ៍ថា សីតុណ្ហភាពឡើងដល់៤០អង្សាសេ នៅក្នុងផ្នែកខ្លះនៃភាគខាងត្បូងប្រទេសបារាំងកាលពីថ្ងៃអាទិត្យ ជាមួយនឹងកំណត់ត្រាកំដៅថ្មីដែលរំពឹងទុកនៅថ្ងៃចន្ទនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា