អង់គ្លេស៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា យុទ្ធនាការចារកម្មហាក់ដូចជាធ្វើឡើងដោយសេវា ចារកម្មបរទេសរបស់ទីក្រុងមូស្គូជាក្រុមដូចគ្នាដែល ទទួលខុសត្រូវចំពោះការវាយប្រហាររបស់ SolarWinds ឆ្នាំ ២០២០។
យោងតាមរបាយការណ៍ឧស្សាហកម្មថ្មីមួយបានឲ្យដឹងថា អ្នកស៊ើបការណ៍តាមអ៊ីនធើណេតត្រូវបានសង្ស័យថា បានធ្វើការឲ្យសេវាចារកម្មបរទេស (SVR) របស់រុស្ស៊ីកំពុងកំណត់គោលដៅលើប្រទេសណាតូក្នុងយុទ្ធនាការលួចស្តាប់នាពេលថ្មីៗនេះ។ ក្រុមហ៊ុនសន្តិសុខអ៊ីនធើណេត Palo Alto បាននិយាយថា ពួក Hacker កំពុងប្រើប្រាស់សេវាកម្មផ្ទុកទិន្នន័យតាមអ៊ីនធើណេតដូចជា Google Drive និង Dropbox ដើម្បីជៀសវាងការត្រូវបានរកឃើញ។
ការប៉ុនប៉ងលួចចូលបានរួមបញ្ចូលអ៊ីម៉ែលបន្លំមានរបៀបវារៈសម្រាប់កិច្ចប្រជុំនាពេលខាងមុខជាមួយឯកអគ្គរដ្ឋទូតជាការទាក់ទាញ ហើយត្រូវបានបញ្ជូនទៅបេសកកម្មការទូតលោកខាងលិច និងអង្គការណាតូជាច្រើននៅចន្លោះខែឧសភា និងខែមិថុនានៃឆ្នាំនេះ។ អ្នកនាំពាក្យរបស់ Dropbox បានប្រាប់ Sky News ថា យើងអាចបញ្ជាក់ថា យើងបានធ្វើការជាមួយដៃគូឧស្សាហកម្មរបស់យើង និងអ្នកស្រាវជ្រាវលើបញ្ហានេះ ហើយបានបិទគណនីអ្នកប្រើប្រាស់ភ្លាមៗ។
ក្រុមហ៊ុន Palo Alto បានវាយតម្លៃថា អ្នកវាយប្រហារគឺជាផ្នែកមួយនៃអង្គការដូចគ្នាត្រូវបានស្តីបន្ទោសចំពោះការរំលោភ SolarWinds កាលឆ្នាំ ២០២០បានផ្តល់ឲ្យអ្នកស៊ើបការណ៍រុស្ស៊ីចូលទៅកាន់បណ្តាញនៃទីភ្នាក់ងាររដ្ឋាភិបាលអាមេរិកយ៉ាងហោចណាស់៩។ ជោគជ័យនៃប្រតិបត្តិការចារកម្មនោះត្រូវបានរកឃើញតែនៅពេលពួក Hacker ក៏បានសម្រេចចិត្តលួចឧបករណ៍ពីក្រុមហ៊ុនសន្តិសុខអ៊ីនធើណេត Mandiant របស់សហរដ្ឋអាមេរិក បានជំរុញឲ្យមានការឆ្លើយតបយ៉ាងសំខាន់ពីអាជ្ញាធរសហរដ្ឋអាមេរិក។
វាបាននាំឲ្យសហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី និងមន្ត្រីរបស់ខ្លួន ទោះបីជាអ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីបានបដិសេធម្តងហើយម្តងទៀតថាមិនបានស្តីបន្ទោសក៏ដោយ៕