ព័ត៌មានអន្តរជាតិ

ក្រុងមូស្គូ ចំអកឱ្យលោក Boris Johnson ដែលបើកយន្តហោះចម្បាំង Typhoon

បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានសើចចំអកទៅលើវីដេអូរបស់នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson ដែលបានជិះនៅក្នុងយន្តហោះចម្បាំង Typhoon ហើយបានហៅការជិះនេះថា ជាការសម្ដែង របស់ “កំប្លែងអង់គ្លេស”។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីដែលផុតអាណត្តិ Boris Johnson បានចូលរួមក្នុងការហោះហើរបង្ហាញ នៅ RAF Coningsby ក្នុងក្រុង Lincolnshire ចក្រភពអង់គ្លេស។ នៅក្នុងវីដេអូមួយដែលត្រូវបានចេញផ្សាយដោយរដ្ឋាភិបាល លោក Johnson ត្រូវបានគេមើលឃើញថា កំពុងគ្រប់គ្រងយន្តហោះនោះ ហើយបន្ទាប់មកបានលើកមេដៃ ឱ្យយន្តហោះចាក់សាំងពីអាកាសទៅអាកាស២គ្រឿងទៀត។

លោកស្រី Zakharova បានសរសេរនៅលើ Telegram ចំពេលមានវិបត្តិថាមពលពិភពលោកកាន់តែអាក្រក់ ដែលបង្កឡើងដោយទណ្ឌកម្មរបស់លោកខាងលិចលើប្រទេសរុស្ស៊ីថា “លោក Boris Johnson ហាក់ដូចជាបង្ហាញថា លោកចូលចិត្តតម្លៃប្រេងឥន្ធនៈខ្ពស់ហួសហេតុ ហើយការបញ្ចូលប្រេងគឺសម្រាប់តែនៅលើអាកាសប៉ុណ្ណោះ។

ទន្ទឹមនឹងនេះដែរ ថ្លែងនៅក្នុងកម្មវិធី Farnborough Air Show កាលពីថ្ងៃចន្ទ លោក Johnson បានចែករំលែកបទពិសោធន៍នៃការហោះហើររបស់លោក ដែលជាការហោះហើរលើកដំបូងរបស់គាត់ក្នុងរយៈពេលជាង២៥ ឆ្នាំ ដោយបង្ហាញថាបញ្ហាថាមពលពិតជាស្ថិតនៅក្នុងចិត្តរបស់លោកខ្លាំងណាស់៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top