ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់៖ កម្មវិធីនុយក្លេអ៊ែរ គឺ “សន្តិភាព” មិនមានការស្វែងរក អាវុធនោះទេ

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានឲ្យដឹងថា អ៊ីរ៉ង់មិនស្វែងរក អាវុធនុយក្លេអ៊ែរនោះទេ ហើយកម្មវិធីបច្ចេកវិទ្យា នុយក្លេអ៊ែររបស់ខ្លួនគឺ “សន្តិភាព” ។

លោក Kanani បានឲ្យដឹងនៅក្នុងការឆ្លើយតបទៅនឹងសំណួរ អំពីការកត់សម្គាល់នាពេលថ្មីៗនេះរបស់លោក Kamal Kharrazi ប្រធានក្រុមប្រឹក្សាយុទ្ធសាស្ត្រ នៃទំនាក់ទំនងបរទេសរបស់អ៊ីរ៉ង់ថា “អ៊ីរ៉ង់ មានសមត្ថភាពនុយក្លេអ៊ែរខ្ពស់ ហើយដូចដែលយើងបាន និយាយជាច្រើនដងមកហើយថា បច្ចេកវិទ្យានុយក្លេអ៊ែររបស់អ៊ីរ៉ង់ មានសន្តិភាពពេញលេញ និងស្ថិតក្រោមការត្រួតពិនិត្យ ជាប្រចាំរបស់ទីភ្នាក់ងារថាមពល បរមាណូអន្តរជាតិ”។

លោក Kharrazi បានប្រាប់ទូរទស្សន៍ Al Jazeera របស់ប្រទេសកាតា កាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់ មានសមត្ថភាពបច្ចេកទេសចាំបាច់ ដូចជាការបង្កើនការចម្រាញ់ សារធាតុអ៊ុយរ៉ាញ៉ូមពី ២០ ភាគរយទៅ ៦០ភាគរយ ប៉ុន្តែមិនមានបំណង បង្កើតគ្រាប់បែកនុយក្លេអ៊ែរនោះទេ។

អ្នកនាំពាក្យអ៊ីរ៉ង់បាននិយាយដោយសំដៅ លើក្រឹត្យសាសនារបស់លោក Ali Khamenei មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ដែលហាមឃាត់ការផលិត និងការប្រើប្រាស់អាវុធ ប្រល័យលោករបស់អ៊ីរ៉ង់ថា “យើងមានការអះអាង របស់មេដឹកនាំកំពូល ហើយមិនមានការផ្លាស់ប្តូរ នៅក្នុងទស្សនៈ និងជំហររបស់អ៊ីរ៉ង់នោះទេ”៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top