ព័ត៌មានអន្តរជាតិ

អាមេរិក នឹងបញ្ជូនប្រព័ន្ធ បាញ់រ៉ុក្កែត HIMARS ដែលកំពុងប្រើប្រាស់ យ៉ាងមានប្រសិទ្ធិភាព នៅសមរភូមិថែមទៀត ដល់អ៊ុយក្រែន

បរទេស ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសអ៊ុយក្រែន នឹងទទួលបានប្រព័ន្ធរ៉ុក្កែត កាំភ្លើងធំចល័ត (HIMARS) ចំនួន៤បន្ថែមទៀត ពីទីក្រុងវ៉ាស៊ីនតោន ដែលជាផ្នែក នៃកញ្ចប់ជំនួយសន្តិសុខបន្ទាប់ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Austin បាននិយាយនៅពេល កំពុងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ តាមអនឡាញ នៃក្រុមទំនាក់ទំនងអ៊ុយក្រែន ដឹកនាំដោយសហរដ្ឋអាមេរិកថា “នៅចុងសប្តាហ៍នេះ យើងនឹងដាក់ចេញកញ្ចប់ អាវុធ គ្រាប់រំសេវ និងបរិក្ខាររបស់ប្រធានាធិបតី ដែលបានដាក់ចេញសម្រាប់អ៊ុយក្រែន” ។

លោកបន្ថែមថា “វានឹងរួមបញ្ចូលប្រព័ន្ធរ៉ុក្កែតទំនើប HIMARS ចំនួន៤បន្ថែមទៀត ដែលអ៊ុយក្រែន បាននិងកំពុងប្រើប្រាស់ យ៉ាងមានប្រសិទ្ធភាព និងដែលធ្វើឱ្យមានភាពខុសគ្នា បែបនេះនៅលើសមរភូមិ ។ ហើយវានឹងរួមបញ្ចូលទាំងគ្រាប់ MLRS និងគ្រាប់កាំភ្លើងធំ បន្ថែមទៀត»។

យោងតាមមន្ទីរប៉ង់តាហ្គោន ពេលដែលចែកចាយរួច កញ្ចប់ថ្មីនឹងនាំចំនួនសរុប នៃប្រព័ន្ធរ៉ុក្តែត HIMARS នៅក្នុងការកាន់កាប់របស់អ៊ុយក្រែនដល់ ១៦គ្រឿង ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top