ព័ត៌មានអន្តរជាតិ

កិច្ចសហការ នាវាមុជទឹក AUKUS ប្រឈមនឹងការ រីកសាយអាវុធនុយក្លេអ៊ែរ

ប៉េកាំង ៖ របាយការណ៍ស្រាវជ្រាវថ្មីមួយ ដែលចេញផ្សាយដោយអង្គភាព សិក្សារបស់ចិនបានឲ្យដឹងថា កិច្ចសហប្រតិបត្តិការ នាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរ AUKUS បានកំណត់គំរូ ដ៏គ្រោះថ្នាក់ សម្រាប់ការផ្ទេរ ដោយខុសច្បាប់នូវសារធាតុ នុយក្លេអ៊ែរ កម្រិតអាវុធ ហើយដូច្នេះបង្កើត បានជាទង្វើមិនច្បាស់លាស់ នៃការរីកសាយភាយ នុយក្លេអ៊ែរ។

សហរដ្ឋអាមេរិក និងអង់គ្លេស បានឲ្យដឹងកាលពីខែកញ្ញាមុនថា ពួកគេនឹងគាំទ្រអូស្ត្រាលី ក្នុងការទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ក្រោមកតិកាសញ្ញាសន្តិសុខត្រីភាគី ដែលទើបបង្កើតថ្មីហៅថា AUKUS ។

របាយការណ៍ ដែលមានចំណងជើងថា “ការឃុបឃិតដ៏គ្រោះថ្នាក់៖ ហានិភ័យ នៃការរីកសាយភាយ នុយក្លេអ៊ែរនៃកិច្ចសហប្រតិបត្តិការ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ នៅក្នុងបរិបទនៃ AUKUS” ត្រូវបានចេញផ្សាយ កាលពីថ្ងៃពុធដោយសមាគម គ្រប់គ្រងអាវុធ និងរំសាយអាវុធរបស់ចិន និង វិទ្យាស្ថានយុទ្ធសាស្ត្រឧស្សាហកម្មនុយក្លេអ៊ែរចិន។ វាគឺជារបាយការណ៍ពិសេសដំបូងបង្អស់ ស្តីពីកិច្ចសហប្រតិបត្តិការ នាវាមុជទឹក AUKUS ដែលបោះពុម្ព ដោយអង្គភាពសិក្សារបស់ចិន។

របាយការណ៍នេះឲ្យដឹងថា កិច្ចសហប្រតិបត្តិការ នាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរ AUKUS ដំណើរការផ្ទុយនឹងស្មារតី នៃសន្ធិសញ្ញាតំបន់គ្មាន អាវុធនុយក្លេអ៊ែរនៅប៉ាស៊ីហ្វិក ខាងត្បូង ហើយក៏ធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹង ប្រែងរបស់ប្រទេសអាស៊ាន ក្នុងការបង្កើតតំបន់គ្មានអាវុធ នុយក្លេអ៊ែរអាស៊ីអាគ្នេយ៍ផងដែរ ។

របាយការណ៍នេះបានឲ្យដឹងទៀតថា លើសពីនេះ វាធ្វើឱ្យប៉ះពាល់ដល់ហានិភ័យ និងគ្រោះថ្នាក់ដែលអាចកើតមាន ក្នុងទិដ្ឋភាពជាច្រើន ដូចជាសន្តិសុខនុយក្លេអ៊ែរ និងការប្រណាំងសព្វាវុធ នៅក្នុងនាវាមុជទឹកនុយក្លេអ៊ែរ ជាមួយនឹងផលប៉ះពាល់អវិជ្ជមាន យ៉ាងខ្លាំងទៅលើតុល្យភាព និងស្ថិរភាពជាយុទ្ធសាស្ត្រសកល ។

យោងតាមរបាយការណ៍នេះ ទោះបីជាប្រទេស AUKUS មានការងឿងឆ្ងល់អំពីព័ត៌មាន លម្អិតនៃការសហការ នាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ របស់ពួកគេក៏ដោយ អ្នកជំនាញគ្រប់គ្រងអាវុធអន្តរជាតិ បានប៉ាន់ប្រមាណថា នាវាមុជទឹកនុយក្លេអ៊ែរ ចំនួន 8 របស់អូស្ត្រាលីនឹងត្រូវការ HEU កម្រិតអាវុធសរុបពី ១,៦ ទៅ ២តោន ដែលនឹងគ្រប់គ្រាន់ ក្នុងការសាងសង់អាវុធ នុយក្លេអ៊ែរពី ៦៤ ទៅ ៨០គ្រាប់៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top