ព័ត៌មានអន្តរជាតិ

ប៉ូលីសក្នុងប្រទេសចិន ចាប់បានចោរគាស់ផ្ទះម្នាក់ តាមរយៈសត្វមូស ដែលខាំជនសង្ស័យ

បរទេស ៖ ប៉ូលិស នៅប្រទេសចិន ចាប់បានចោរម្នាក់ តាមវិធីសាស្រ្តយ៉ាងគួរឲ្យចាប់អារម្មណ៍ ។ ពួកគេបានប្រទះ ឃើញមូសងាប់ នៅផ្ទះដែលការលួច នោះបានកើតឡើង ហើយបានប្រើប្រឡាក់ឈាមលើជញ្ជាំង ដើម្បីតាមដានគាត់តាម DNA របស់ចោរ។ របាយការណ៍មួយនៅក្នុងកាសែត Global Times បាននិយាយថា ចោរបានវាយសត្វមូស ខណៈដែលចាកចេញពីផ្ទះ ។ ហេតុការណ៍ចោរលួចនេះ បានកើតឡើងនៅទីក្រុង Fuzhou ក្នុងខេត្ត Fujian កាលពីថ្ងៃទី១១ មិថុនា ។ ប៉ូលិសបានបន្តថា ពេលមកដល់ផ្ទះឃើញទ្វារបិទពីខាងក្នុង ហើយចោរបាន ចូលទៅក្នុងបន្ទប់ផ្ទះល្វែង តាមវេរ៉ង់ដា ។

យោងតាមសារព័ត៌មាន DNTV ចេញផ្សាយកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយបានដកស្រង់សម្តីរបស់ប៉ូលីស កាសែត South China Morning Post (SCMP) បានផ្សាយថា ចោរបានលួច របស់មានតម្លៃជាច្រើន ហើយ សមត្ថកិច្ចក៏បានរកឃើញថា ជនសង្ស័យរូបនេះ បានចូលផ្ទះនៅពេលយប់ បន្ទាប់ពីរកឃើញគុយទាវ និង សំបកស៊ុតក្នុងផ្ទះបាយ។

SCMP បានផ្សាយទៀតថា មានធូកមូសប្រើរួច រួមជាមួយមូសងាប់ពីរ និងប្រឡាក់ឈាម នៅលើជញ្ជាំងបន្ទប់។ សំណាកឈាមត្រូវបានប៉ូលិស ស្រង់ចេញពីជញ្ជាំងយ៉ាងប្រុងប្រយ័ត្ន ហើយបញ្ជូនទៅវិភាគ DNA។ ប៉ូលិសបានបញ្ជាក់ថា គំរូ DNA ជារបស់ជនសង្ស័យឈ្មោះ Chai ដែលមានប្រវត្តិព្រហ្មទណ្ឌ ។

ដំណឹងនេះបានធ្វើឱ្យអ្នកប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយសង្គមចិន ជាច្រើនមានការរំជើបរំជួល ដែលបានបង្ហោះមតិយោបល់ជាច្រើន នៅលើបណ្តាញសង្គម WeChat ។ អ្នកប្រើម្នាក់ បានបញ្ចេញមតិ យោងតាម SCMP ថា “តើគាត់ហ៊ានចំណាយពេលយប់ នៅកន្លែងកើតហេតុយ៉ាងណា? បុគ្គលនេះពិតជាមានបញ្ហាផ្លូវ ចិត្តធ្ងន់ធ្ងរណាស់”។

សារព័ត៌មាន Global Times របស់ចិនបាននិយាយ នៅក្នុងរបាយការណ៍របស់ខ្លួនថា ចោរត្រូវបានចាប់ខ្លួនរយៈពេល ១៩ ថ្ងៃបន្ទាប់ពីប្រព្រឹត្តបទឧក្រិដ្ឋ។ ប៉ូលិសក៏អាចរកឃើញថា បុរសនោះមានជាប់ពាក់ព័ន្ធនឹង ករណីលួចបីផ្សេងទៀត៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top