ប្រេស៊ីល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ថា ការិយាល័យរដ្ឋអាជ្ញា សាធារណៈសហព័ន្ធ បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរប្រេស៊ីល បានជួយសង្គ្រោះមនុស្ស ចំនួន៣៣៧នាក់ ដែលធ្វើការជាទាសករ ក្នុងប្រតិបត្តិការ រួមគ្នាមួយចាប់ តាំងពីថ្ងៃទី៤ ខែកក្កដា ។
ការជួយសង្ក្រោះនេះត្រូវបានគេស្គាល់ថា ជា “ប្រតិបត្តិការសង្គ្រោះ” លើកទី២ដែលមានសកម្មភាពចំនួន១០៥ វាបានកើតឡើងនៅទូទាំង២២រដ្ឋប្រេស៊ីល និងស្រុកសហព័ន្ធ ហើយត្រូវបានចាត់ទុកថា ជាប្រតិបត្តិការដ៏ធំបំផុតមិនធ្លាប់មាននៅ ក្នុងការប្រយុទ្ធប្រឆាំង នឹងទាសករនៅក្នុង ប្រទេសប្រេស៊ីល ដោយសារចំនួនភ្នាក់ងារ និងសកម្មភាពពាក់ព័ន្ធ ។
អគ្គមេធាវីរងលោក Carlos Frederico បានលើកឡើងនៅក្នុងសន្និសីទ សារព័ត៌មានមួយថា ប្រតិបត្តិការនេះបានបង្ហាញថា ពលកម្មទាសករ “មិនមែនជារឿងប្រឌិតទេ ប៉ុន្តែជាការពិតដែលត្រូវតែលុបបំបាត់” ។
កម្មករភាគច្រើនត្រូវបានជួយសង្គ្រោះពីចំការកាហ្វេ និងចំការពោត ខណៈដែលអ្នកផ្សេងទៀតត្រូវបានដោះលែងពីកសិដ្ឋានចិញ្ចឹមគោ ។
ក្នុងចំណោមរដ្ឋដែលមានចំនួនអ្នកជួយសង្គ្រោះច្រើនជាងគេគឺរដ្ឋ Goias មាន៩១នាក់ រដ្ឋ Minas Gerais មាន៧៨នាក់ រដ្ឋអេកមានចំនួន៣៧នាក់ និងរដ្ឋ រ៉ូដុនៀ ចំនួន២៧នាក់ ។
ប្រតិបត្តិការនេះបានប្រមូលផ្តុំគ្នា ក្នុងនោះមានអធិការជាង១០០នាក់ ព្រះរាជអាជ្ញា ចំនួន៤៤នាក់ ភ្នាក់ងារប៉ូលិសសហព័ន្ធ ចំនួន១៥០នាក់ មន្រ្តីប៉ូលិសផ្លូវហាយវេសហព័ន្ធចំនួន៨០នាក់ តំណាងការិយាល័យការពារ សាធារណៈចំនួន១២នាក់ និងព្រះរាជអាជ្ញា ចំនួន១០នាក់ នេះបើយោងតាមសេចក្តី ថ្លែងការណ៍របស់ការិយាល័យ រដ្ឋអាជ្ញាសាធារណៈបានឲ្យដឹងដូច្នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា